ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅខេត្តព្រះសីហនុ
ព្រះសីហនុ៖ធនាគារវីង(ខេមបូឌា)ម.កបានសម្ពោធសាខាខេត្ត ព្រះសីហនុជាផ្លូវការក្រោមអធិបតីភាពរបស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃ កម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គ នាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជា ឥស្សរជនកិត្តិយសជាច្រើន រូបទៀត។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរង ខេត្តព្រះសីហនុបានមាន ប្រសាសន៍ថា៖ “យើងខ្ញុំជឿជាក់ថា វត្តមាន សាខា ធនាគារ វីង នៅទីក្រុងព្រះសីហនុ នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម និង សេដ្ឋកិច្ចខេត្តព្រះសីហនុឲ្យកាន់តែរីកចំរើនថែមមួយកំរិតទៀត។
លើសពីនេះទៀត តាមរយៈសេវាកម្មរបស់ ធនាគារ វីង នឹងជួយ សម្រួលដល់ដំណើរការសេវាកម្មហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និង ក្រុមហ៊ុន អាជីវកម្ម សាជីវកម្មនានាឲ្យពួកគេអាចប្រតិបត្តិការហិរញ្ញវត្ថុ របស់ពួកគេកាន់តែលឿននិងមានប្រសិទ្ធភាពខ្ពស់។”
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយក ត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖ “តាងនាម ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរនិងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់ធនាគារ វីង (ខេមបូឌា) ម.ក ជាពិសេសការ ប្តេជ្ញា គាំទ្ររបស់ភាគទុនិកក្នុងការពង្រើកបណ្តាញប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជា៕
លោក ហាន ប៉េងក្វាង អគ្គនាយក នៃ ធនាគារ វីង បានមានប្រសាសន៍ ថា៖ “ចក្ខុវិស័យរបស់យើងគឺធ្វើឲ្យប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃ របស់ ប្រជាជនកម្ពុជាតាមរយៈការផ្ដល់ភាពនូវងាយស្រួលក្នុងការទទួល សេវា និងផលិតផលហិរញ្ញវត្ថុនានា។
តាមរយៈការបើកសាខានេះ យើងសង្ឃឹមថានឹងរួមចំណែកកាន់តែច្រើន ថែមទៀតក្នុងការអភិវឌ្ឍសហគមន៍យើង។ ប្រជាជននៅខេត្ត ព្រះសីហនុឥឡូវនេះអាចទទួលបានសេវាហិរញ្ញវត្ថុទាំងសម្រាប់តម្រូវការគ្រួសារ និងប្រតិបត្តិការអាជីវកម្ម។”។
ការបើកដំណើរការសាខាខេត្តព្រះសីហនុ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ មួយ ខណៈដែលធនាគារ វីង ក៏កំពុងតែអបអរសាទរដល់ខួបលើកទី ១៤ នៃប្រតិបត្តិការរបស់ខ្លួនផងដែរ៕




