ក្បាលថ្មបែងចែកគន្លងផ្លូវចំនួនបីទីតាំងក្នុងរាជធានីភ្នំពេញ កើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ជាងគេ
ភ្នំពេញ៖ មានកត្តាជាច្រើន ដែលបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ពិសេសក្បាលថ្មពុះចែកទ្រូងផ្លូវ ដែលពុំមានចំណាំងផ្លាត ផ្លាកសញ្ញាសម្គាល់ទីតាំង និងផ្លូវងងឹតជាដើម មានទីតាំងមួយចំនួនទៀត មានចំណាំងផ្លាត ផ្លាកសញ្ញាសម្គាល់ទីតាំងរួចហើយ ក៏ប៉ុន្តែត្រូវបានរងការខូចខាតទៅវិញ ដោយសារតែកត្តាមួយចំនួន ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ បុកបណ្តាលឱ្យខូចខាត និងសភាពចាស់ទ្រុឌទ្រោម។ ខណៈដែលជាក់ស្តែងនេះ គឺចំនួនបីទីតាំង ក្នុងរាជធានីភ្នំពេញ គឺកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ជាងគេ។
ចំពោះ បញ្ហានេះ ប្រជាពលរដ្ឋ បានសំណូមពរដល់មន្ត្រីជំនាញ និងមន្ទីរជំនាញសូមជួយជួសជុលក្បាលថ្មបែងចែកគន្លងផ្លូវថ្មី ដូចជាពេលនេះ ស្ថិតនៅស្ពានអាកាស៧មករា ក្បាលថ្មបែងចែកគន្លងផ្លូវ មុខមន្ទីពេទ្យរុស្ស៊ី ពិសេសក្បាលថ្មបែងចែកគន្លងផ្លូវ ស្ពានអាកាសស្ទឹងមានជ័យ ត្រង់ច្រកចុះចូលផ្លូវក្រោមដី ដែលគ្មានសញ្ញាសម្គាល់ ឬចំណាំងផ្លាត និងមានទីតាំងងងឹត ក្នុងពេលបើកបរមើលមិនឃើញ ធ្វើឱ្យអ្នកបើកបរ នៅពេលរាត្រីងាយ បង្កគ្រោះថ្នាក់ខ្លាំងណាស់៕ ដោយ៖ ឆៃហួត











