រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលចិនដែលបានជួយឧបត្ថម្ភគាំទ្រដល់ ការអភិវឌ្ឍរបស់កម្ពុជា លើគ្រប់វិស័យ រួមទាំងវិស័យកសិកម្ម
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្នុងឱកាសទទួលជួបគណៈប្រតិភូមកពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Zhang Lubiao នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នាទីស្តីក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា លើគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ។
ប្រភពក្រសួងកសិកម្មបញ្ជាក់ថាចំពោះវិស័យកសិកម្ម ឯកឧត្តម វេង សាខុន បានក៏វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អ ប្រសើររវាងប្រទេសទាំងពីរ ដោយថ្មីៗនេះភាគីចិនបានអនុញ្ញាតឱ្យនាំចូលផ្លែស្វាយ និងត្រីប្រា ហើយនឹងអនុញ្ញាតឱ្យនាំចូលផ្លែមៀនកម្ពុជាឆាប់ៗខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងអាចពង្រឹងនិងពង្រីកកាន់តែរឹងមាំថែមមួយកម្រិតទៀត តាមរយៈការបើកការចរចាលក្ខខ័ណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជា ដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេននាពេលខាងមុខនេះ។
ឯកឧត្តមបណ្ឌិត Zhang Lubiao ក៏បានថ្លែងអំណរគុណចំពោះ ការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី។ ឯកឧត្តមបន្ថែមថា បេសកកម្មផ្លូវការរបស់លោក និងសហការីមកនាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហបករតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ ជាពិសេសជួយ គាំទ្រលើការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។ ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ ភាគីចិនបានរៀបចំក្រុមការងារជំនាញថ្នាក់ជាតិមួយដែលមានសមត្ថភាព និងបទពិសោធខ្ពស់ក្នុងការរៀបចំផែនការមេក្នុងការអភិវឌ្ឍវិស័យកសិកម្ម។
ឯកឧត្តមបណ្ឌិតបន្ថែមថា ការរៀបចំផែនការមេ គឺពិតជាសំខាន់ណាស់ ប៉ុន្តែការអនុវត្ត ក៏ដូចជាការយន្តការនៃការអនុវត្តគឺកាន់តែសំខាន់ថែមទៀត ដូចជាការប្រមូល កៀងគរ និងប្រើប្រាស់ធនធាន រួមមានធនធានមនុស្ស ធនធានថវិកាជាដើម ពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋាន និងពីថ្នាក់មូលដ្ឋានមកថ្នាក់ជាតិ។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់ភាគីចិន ជាពិសេសលើការរៀបចំផែនការមេ និងសារៈសំខាន់នៃការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។ ដើម្បីឱ្យការរៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជាទទួលបានជោគជ័យដូចការ រំពឹងទុក ឯកឧត្តម វេង សាខុន បានស្នើដល់ក្រុមការងារជំនាញក្រសួងទាំងពីរ ពិនិត្យពិចារណាលើការជំរុញការធ្វើទំនើបកម្មកសិកម្ម ការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មគ្រប់ជ្រុងជ្រោយ ដោយផ្តោតជាសំខាន់លើការផ្សាភ្ជាប់អ្នកផលិត វិស័យឯកជន និងទីផ្សារតាមរយៈការពង្រឹងការងារដាំដុះ ការកែច្នៃ និងការវេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារតាមតម្រូវការ និងតម្រូវចិត្តរបស់អ្នកបរិភោគទាំងក្នុងនិងក្រៅប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ឯកឧត្តមបណ្ឌិត និងក្រុមការងារនៃក្រសួងទាំងពីរទទួលបានជោគជ័យ ដើម្បីរួមគ្នាបន្តការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាប្រកបដោយចីរភាពនិងនិរន្តរភាព។
សូមជម្រាបជូនថា លទ្ធផលដែលទទួលបានពីកិច្ចប្រជុំនាព្រឹកនេះរួមមាន÷
១. ឯកភាពបង្កើតក្រុមការងារជំនាញដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ដោយផ្តោតសំខាន់លើអង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។
២. ស្នើដល់ក្រុមការងារជំនាញបន្ថែមមុខដំណាំមានសក្តានុពលផ្សេងទៀតដូចជា ស្វាយ ស្វាយចន្ទីក្នុងផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។
៣. ស្នើភាគីចិនពន្លឿនការបើកកិច្ចចរចាលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេន៕ ដោយ៖ សេឌី




