ក្រសួងការងារនឹងបើកថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលជូនដល់កម្មករក្រុមហ៊ុន ឃុនធើរេន អឺតែរឹល (ខេមបូឌា) ចាប់ពីថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០២២តទៅ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២នេះឱ្យដឹងថាក្រសួងនឹងធ្វើការបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន ឃុនធើរេន អឺតែរឹល (ខេមបូឌា)ចាប់ពីថ្ងៃទី១៩ ខែ សីហាតទៅ។
បើយោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ថាដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងនឹងចាប់ផ្តើម បើកផ្តល់ថវិកាបុរេប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជាជូនបងប្អូន ចាប់ពីម៉ោង ៩ ព្រឹក ថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២តទៅ នៅអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់ មុខសញ្ញា ដែលមានទីតាំងស្ថិតនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ប្រភពខាងលើនេះ បានបញ្ជាក់ដោយឱ្យបងប្អូនកម្មករនិយោជិតយកមកជាមួយនូវឯកសារមួយចំនួនដូចខាងក្រោម៖ ១. ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករនិយោជិត ឬប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ២.ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗបើមាន៕ ដោយ៖ ម៉ាដេប៉ូ
