ប្រទេសជាច្រើនភ្ញាក់ផ្អើល ក្រោយហុកគីនារីកម្ពុជា វិវឌ្ឍខ្លួនបានលឿន បើធៀបទៅនឹងព្រឹត្តិការណ៍មុន
ភ្នំពេញ៖ ក្រុមជម្រើសជាតិនារីហុកគីកម្ពុជា ទើបតែបញ្ចប់ការប្រកួតជើងឯកហុកគីនារី ក្នុងសាលអាស៊ី (Women’s Indoor Hockey Asia Cup 2022) គឺលើវិញ្ញាសាហុកគី ក្នុងសាល (Indoor Hockey) នៅប្រទេសថៃ ដែលប្រកួតពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ។
លោក Asif Maqsood គ្រូបង្វឹកសញ្ជាតិប៉ាគីស្ថាន បានបញ្ជាក់ថា ប្រទេសជាច្រើនបានភ្ញាក់ផ្អើលដែលកម្ពុជា វិវឌ្ឍខ្លួនបានលឿនយ៉ាងដូច្នេះ បើធៀបទៅនឹងការប្រកួតក្នុងព្រឹត្តិការណ៍មុនៗ ។ ទោះបីជាលទ្ធផលមិនសមប្រកប ប៉ុន្តែក្រុមនារីហុកគីកម្ពុជា ទទួលបានការកោតសរសើរ ពីប្រទេសដែលចូលរួម។ លោក Rana Asif Maqsood បន្ថែមថា «ទម្រង់លេងរបស់ក្រុមកម្ពុជាគឺអស្ចារ្យ និងអភិវឌ្ឍបានច្រើន ទោះបីយើងមិនមានទីលានហ្វឹកហាត់ត្រឹមត្រូវក៏ដោយ ហើយក៏មិនមានពេលហ្វឹកហាត់ត្រឹមត្រូវនៅប្រទេសថៃ មុនការប្រកួតដែរ ដោយសារយើងទៅទីនោះយឺតពេក និងដោយសារកីឡាការិនីយើងមួយចំនួន បានឆ្លងកូវីដ-១៩»។
គួរបញ្ជាក់ថា ហុកគីនារីកម្ពុជា ឈរនៅលេខ៨ ក្នុងចំណោម ៩ក្រុម ដែលបានបែងចែកចេញជា ២ពូល។ កម្ពុជា ស្ថិតនៅពូល B ជាមួយម្ចាស់ផ្ទះថៃ, ម៉ាឡេស៊ី និងសិង្ហបុរី ខណៈពូល A មាន កាហ្សាក់ស្ថាន, ឥណ្ឌូនេស៊ី, អ៊ីរ៉ង់, ឆាយនីសតៃប៊ិ និងប៉ាគីស្ថាន។ ឆ្លងកាត់៣ប្រកួត ក្នុងពូល ឈ្នះ១ (ឈ្នះសិង្ហបុរី ៣-០) និងចាញ់២ (ចាញ់ម៉ាឡេស៊ី ១៤-១, ចាញ់ថៃ ៥-០) ឈរលេខ៣ ក្នុងពូល និងត្រូវប្រកួតដើម្បីដណ្ដើមចំណាត់ថ្នាក់ចន្លោះលេខ៥ ដល់លេខ៨ ដោយជួបក្រុមលេខ៤ ពូល B ឆាយនីសតៃប៊ិ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជាលទ្ធផលកម្ពុជា រងបរាជ័យ ២-៣ ដូច្នេះត្រូវប្រកួតយកចំណាត់ថ្នាក់លេខ៧ ជួបសិង្ហបុរី ប៉ុន្តែបានចាញ់ក្នុងលទ្ធផល ២-០ នាំឲ្យទទួលបានចំណាត់ថ្នាក់លេខ៨។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធហុកគីកម្ពុជា បានសម្ដែងការពេញចិត្តជាមួយសិទ្ធផល និងជឿជាក់ថានេះជាសញ្ញាដែលបង្ហាញពីហុកគីនារីកម្ពុជា កំពុងមានដំណើរវិវឌ្ឍទៅរកផ្លូវវិជ្ជមាន។ «ខ្ញុំមានក្ដីរីករាយ ព្រោះក្នុងព្រឹត្តិការណ៍នេះ ក្រុមរបស់យើងមានប្រកួតឈ្នះ និងចាញ់។ បើទោះបីជាចាញ់ ក៏ចាញ់ក្នុងលទ្ធផលមួយដែលយើងអាចទទួលយកបាន គឺយើងមានឱកាសតដៃ ដោយអាចស៊ុតបញ្ចូលទីគូប្រកួតបានជាបន្តបន្ទាប់។
ខុសអំពីការដែលយើងចូលរួមប្រកួតនាពេលកន្លងមក គឺយើងចាញ់ច្រើន ហើយស៊ុតបញ្ចូលទីគូប្រកួតអត់បានទេ។ ប៉ុន្តែលើកនេះ គឺយើងធ្វើបានល្អ។ សិទ្ធផលនេះឆ្លុះបញ្ចាំងថា ហុកគីកម្ពុជា មានដំណើរវិវឌ្ឍទៅរកផ្លូវត្រូវ ផ្លូវវិជ្ជមាន»។ លោករំពឹងថា សិទ្ធផលពីការប្រកួតព្រឹត្តិការណ៍នេះ នឹងជួយបង្កើនទំនុកចិត្តដល់កីឡាការិនី សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាពិសេសស្របទៅតាមគោលដៅក្នុងការចង់ឈ្នះមេដាយមាស ឲ្យបាន ១គ្រឿង ក្នុងចំណោម ២វិញ្ញាសាខាងលើ។
សូមបញ្ជាក់ថា ហុកគី ធ្លាប់ត្រូវបានដាក់បញ្ចូលទៅក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម ចំនួន ២លើក រួចមកហើយ ពោលគឺក្នុងស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី មាន ៣វិញ្ញាសា (ក្នុងសាល ក្រៅសាល និងលើទឹកកក) ខណៈលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន មាន ២វិញ្ញសា (ក្នុងសាល និងលើទឹកកក)។ ចំពោះកម្ពុជា ចូលរួមលើកដំបូងនៅឆ្នាំ២០១៩ លើវិញ្ញាសានារីក្នុងសាល ក្នុងចំណោម ៥ប្រទេស ខណៈលទ្ធផលប្រកួតបញ្ចប់ទៅដោយឈរនៅលេខ៥ ក្រោយប្រកួត៤ដង មិនដែលឈ្នះ ស្មើ១ និងចាញ់៣ ។
សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា កីឡាហុកគី បានដាក់បញ្ចូលដោយមានវិញ្ញាសាចំនួន២ ពោលគឺវិញ្ញាសានារីក្រៅសាល (Field Hockey) និងវិញ្ញាសានារីក្នុងសាល (Indoor Hockey) ស្របពេលដែលវិញ្ញាសាបុរស ពុំត្រូវបានដាក់បញ្ចូលឡើយ ៕ ចាន់ វិចិត្រ


