សហរដ្ឋអាមេរិក នឹងចរចាពាណិជ្ជកម្មជាមួយកោះតៃវ៉ាន់
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលអាមេរិកនឹងធ្វើកិច្ចចរចាពាណិជ្ជកម្មជាមួយតៃវ៉ាន់ ដែលនេះជាសញ្ញាគាំទ្រចំពោះលទ្ធិប្រជាធិបតេយ្យកោះដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួន ដោយជំរុញឱ្យទីក្រុងប៉េកាំងព្រមានក្នុងថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងចាត់វិធានការប្រសិនបើចាំបាច់ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន។
សេចក្តីប្រកាសនៃកិច្ចចរចាពាណិជ្ជកម្មខាងលើនេះ កើតឡើងបន្ទាប់ពីចិនបានបាញ់មីស៊ីលចូលទៅក្នុងសមុទ្រ ដើម្បីបំភិតបំភ័យតៃវ៉ាន់ ក្រោយប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ក្នុងខែនេះ បានក្លាយជាមន្ត្រីជាន់ខ្ពស់អាមេរិកដែលមកទស្សនាកោះនេះក្នុងរយៈពេល ២៥ឆ្នាំ។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានរិះគន់កិច្ចចរចាដែលបានគ្រោងទុកថា ជាការរំលោភលើគោលជំហររបស់ខ្លួន ដែលថា តៃវ៉ាន់មិនមានសិទ្ធិក្នុងទំនាក់ទំនងបរទេស ។
បន្ថែមលើនេះ ចិនក៏បានព្រមានអាមេរិកកុំលើកទឹកចិត្តកោះនេះ ឱ្យព្យាយាមធ្វើឱ្យមានឯករាជ្យភាពអចិន្ត្រៃយ៍ ជាជំហានដែលទីក្រុងប៉េកាំងនិយាយថា នឹងនាំឱ្យមានសង្គ្រាម។
ទន្ទឹមគ្នា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោកស្រី Shu Jueting បាននិយាយថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះបញ្ហានេះ ហើយថែមទាំងបានអំពាវនាវឲ្យសហរដ្ឋអាមេរិកគោរពយ៉ាងពេញលេញ នូវផលប្រយោជន៍ស្នូលរបស់ចិន៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា




