ប្រមុខអង្គការសុខភាពពិភពលោក៖ ករណីឆ្លង កូវីដ១៩មួយខែមកនេះ កើនឡើង ៣៥ភាគរយ ខណៈសប្តាហ៍មុន មានអ្នកស្លាប់ ១៥,០០០ ករណីទូទាំងពិភពលោក
ឡុងដ៍៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃពុធ សប្តាហ៍នេះថា ការរាយការណ៍ពីករណីស្លាប់ ដោយសារ ជំងឺកូវីដ-១៩ ក្នុងរយៈពេលមួយខែកន្លងមកនេះ បាន កើនឡើង ៣៥% ហើយបានកត់សម្គាល់ថា មានអ្នក ស្លាប់ចំនួន១៥,០០០ករណីទូទាំងពិភពលោកក្នុងសប្តាហ៍ មុន។
លោក ថេដ្រូស បានបញ្ជាក់យ៉ាងដូច្នេះថា អ្នកស្លាប់ ចំនួន ១៥,០០០ករណីក្នុងមួយសប្តាហ៍ គឺជារឿងដែល មិនអាចទទួលយកបានទាំងស្រុងនោះទេ នៅពេលដែល យើងមានឧបករណ៍ទាំងអស់ ដើម្បីការពារករណីឆ្លង និងជួយសង្គ្រោះជីវិតមនុស្ស។
លោក ថេដ្រូស បន្ថែមថា ចំនួនករណីឆ្លងមេរោគជា លំដាប់ដែលបានចែករំលែកជារៀងរាល់សប្តាហ៍បានធ្លាក់ចុះ ៩០ភាគរយ ដែលធ្វើឱ្យវាពិបាកសម្រាប់អ្នក វិទ្យាសាស្ត្រ ក្នុងការតាមដានពីរបៀបដែលជំងឺកូវីដ ១៩អាចនឹងផ្លាស់ប្តូរ។
ទោះបីជាយ៉ាងណា ប្រមុខអង្គការសុខភាពពិភពលោក រូបនេះបានសង្កត់ធ្ងន់ថា ប៉ុន្តែគ្មាននរណាម្នាក់ក្នុង ចំណោមពួកយើងដែលអស់សង្ឃឹមនោះទេ… សូមទៅ ទទួលការចាក់វ៉ាក់សាំងការពារ ប្រសិនបើអ្នកនៅពុំទាន់ ចាក់នៅឡើយ ហើយប្រសិនបើអ្នកត្រូវការចាក់ដូសជំរុញ ក៏សូមទៅទទួលយកផងដែរ៕
ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា


