សហព័ន្ធកីឡាទោចក្រយាន្ត ដាក់ក្តីរំពឹងខ្ពស់លើកង់ភ្នំ ក្នុងចំណោម៩វិញ្ញាសា ស៊ីហ្គេម ២០២៣

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានបង្ហាញនូវក្តីសង្ឃឹមខ្ពស់ជាងគេ សម្រាប់ការឈានដល់កម្រិតមេដាយ លើវិញ្ញាសាកង់ភ្នំ ក្នុងចំណោមវិញ្ញាសាកង់ភ្នំ-កង់គួក សរុប៩វិញ្ញាសា។បច្ចុប្បន្ន ក្រុមជម្រើសជាតិកង់ភ្នំ និងកង់គួកកម្ពុជាមានចំនួន១២នាក់ ក្នុងនោះកីឡាករ ៨នាក់ និងកីឡាការិនី៤នាក់ ក្រោមការបង្វឹកពីគ្រូបង្វឹក៤នាក់ ដែលកំពុងបន្តបោះជំរុំហ្វឹកហាត់នៅតំបន់ឧស្យានភ្នំគូលែន ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោកអគ្គលេខាធិការរូបនេះចាត់ទុកថា អ្វីដែលសហព័ន្ធ និងកីឡាករ កីឡាការិនីកង់ខិតខំសម្រួចបច្ចេកទេស ក្រោមការចង្អុលបង្ហាញ លើកទឹកចិត្តពីថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិ CAMSOC គឺប្រភេទកីឡារំពឹងដណ្តើមបានមេដាយលើវិញ្ញាសាកង់ភ្នំ កម្រិតខ្ពស់ជាងគេ ដោយសារក្រុមជម្រើសជាតិកម្ពុជាកំពុងសម្រុកការហ្វឹកហាត់នៅតំបន់ភ្នំគូលែន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ហើយក៏ជាម្ចាស់ទីលានហ្វឹកហាត់នេះ ដែលគម្រោងយកធ្វើជាទីលានប្រកួតកង់ភ្នំទាំង៥វិញ្ញាសានេះផងដែរ។៩វិញ្ញាសានេះ រួមមាន កង់ភ្នំបុរស-នារី (XCO Men-Women) បណ្តាក់បុរស-នារី (XCO Mix Relay) និង Eliminate បុរស-នារី ជាវិញ្ញាសាថ្មី ដែលជិះកង់រយៈពេលខ្លី១ជុំ ដែលអ្នកធ្វើសម្រេចក្នុងថិរៈវេលាតិតជាងគេនឹងទទួលបានមេដាយតែម្តង។

ចំពោះ៤វិញ្ញាសាផ្នែកកង់គួកនឹងត្រូវប្រកួត (ចេញដំណើរ-បញ្ចប់ទី) នៅតំបន់អង្គរវត្ត ដូចជាវិញ្ញាសា Individual Race Criterium បុរស-នារី ដែលត្រូវជិះក្នុងតំបន់អង្គរវង់ធំ ចំនួន២ជុំ ប្រមាណ៤០គីឡូម៉ែត្រ។ រីឯវិញ្ញាសា Individual Road Race បុរស-នារី ជាវិញ្ញាសាជិះចម្ងាយឆ្ងាយជាង១៥០គីឡូម៉ែត្រឡើងទៅ ដែលគ្រោងនឹងចេញដំណើរពីតំបន់អង្គរដែរឆ្ពោះទៅតំបន់ភ្នំគូលែន ស្រុកបន្ទាស្រីចុះទៅស្រុកស្វាយលើ ចូលមកក្រុងសៀមរាបវិញ និងបញ្ចប់ទីនៅតំបន់អង្គរវិញ។លោក នូ ចំរើន អះអាងថា ចំពោះក្តីសង្ឃឹមលើវិញ្ញាសាកង់ភ្នំ Eliminate នេះ គឺដោយសារកីឡាករ កីឡាការិនីកម្ពុជាសុទ្ធតែវ័យក្មេងមានសក្តានុពលលើថាមពលកម្លាំងខ្លាំង ដែលត្រូវប្រកួត១ជុំ ៤គីឡូម៉ែត្រ ដោយកីឡាករ ឬកីឡាការិនីណាបានបញ្ចប់ទីក្នុងថិរៈវេលាតិចជាងគេនឹងទទួលបានមេដាយតែម្តង។

ជាមួយគ្នានេះ អ្វីដែលជាផែនការយុទ្ធសាស្ត្ររៀបចំយកប្រៀបក្នុងការប្រជែងមេដាយនេះ គឺក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ សហព័ន្ធបានត្រៀមកសាងរៀបចំផ្លូវប្រកួត ដែលជាផ្លូវហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា នៅស្រុកបន្ទាយស្រីនោះ។លោកអគ្គលេខាធិការរូបនេះបន្ថែមថា ៖«ក្រុមជម្រើសជាតិទាំងអស់កំពុងខិតខំហ្វឹកហាត់ខ្លាំងណាស់ ដើម្បីឆ្ពោះទៅដណ្តើមមេដាយជូនជាតិ ក្រោមការណែនាំលើកទឹកចិត្តខ្ពស់ពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដើម្បីដើរឲ្យស្របគ្នាតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលបានដាក់ចេញនូវសន្ទស្សន៍មេដាយមាសយ៉ាងតិច១គ្រឿងលើប្រភេទកីឡានីមួយៗ ក្នុងចំណោម៣៩ប្រភេទកីឡា»។ក្នុងផែនការយុទ្ធសាស្ត្រនេះ ត្រូវបានលោក នូ ចំរើន បានលើកបង្ហាញពីប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC ដែលបានអះអាងកាលពីសប្តាហ៍មុនថា ការរៀបចំផែនការយុទ្ធសាស្ត្រយកប្រៀបរបស់ម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺជាការរៀបចំតាមទម្រង់បច្ចេកទេសកីឡា និងប្រកបដោយសេចក្តីថ្លៃថ្នូរ ដោយគោរពតាមគោលការណ៍ធម្មនុញ្ញស៊ីហ្គេម។ «បន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានជួយផ្តល់អនុសាសន៍ណែនាំ ផ្តល់ការគាំទ្រដល់ការរៀបចំប្រភេទកីឡាកង់ សម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner