គ្រូពេទ្យនៅខេត្តកំពត-កែប ត្រូវមកចុះបញ្ជីដើម្បីបន្តសុំអាជ្ញារប័ណ្ណសុខាភិបាល
កំពត ៖ ដើម្បីចូលរួមកាត់បន្ថយ ហានិភយ័ អត្រាគ្រោះថ្នាក់ផ្សេងៗ ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈ និងឯកជន មន្ទីរសុខាភិបាលខេត្ត បានណែនាំដល់គ្រូពេទ្យ ឲ្យពង្រឹងសមត្ថភាព គុណភាព បង្កើននូវគុណវុឌ្ឍន៍ ក្រមសីលធម៌នៃវិជ្ជាជីវៈគ្រូពេទ្យ និងសុវត្ថិភាពនៃការប្រើប្រាស់ឱសថ ការអនុវត្តច្បាប់ ពិសេសត្រូវរូសរាន់មកចុះបញ្ជីជាសមាជិកគណៈគ្រូពេទ្យ ដើម្បីអាចសុំអាជ្ញាបណ្ណសុខាភិបាល។
នៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្រ្តបន្តលើកទី១១ នៅមន្ទីរសុខាភិបាលខេត្តកំពតនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប លោកស្រីឱសថការី លី កែវធីតា អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានលើកឡើងថា គោលបំណងនៃការរៀបចំពិធីនេះ ដើម្បីជាការជួយជ្រោមជ្រែង និងជម្រុញសកម្មភាពទាំងឡាយរបស់ថ្នាក់ខេត្ត ថ្នាក់ជាតិ ក្នុងការអភិវឌ្ឍន៍ វិជ្ជាជីវៈ វេជ្ជសាស្ត្របន្ត ដើម្បីលើកកំពស់វឌ្ឍនៈភាព វិជ្ជាជីវៈវេជ្ជសាស្ត្រ បណ្តារាជធានី-ខេត្ត សំដៅពង្រឹងសមត្ថភាព គុណភាព បង្កើននូវគុណវុឌ្ឍន៍ ក្រមសីលធម៌នៃវិជ្ជាជីវៈ គ្រូពេទ្យ ព្រមទាំងសុវត្ថិភាពនៃការប្រើប្រាស់ឱសថ ការអនុវត្តច្បាប់ ក៏ដូចជា ការចូលរួមកាត់បន្ថយ ហានិភយ័ អត្រាគ្រោះថ្នាក់ផ្សេងៗ ក្នុងការផ្តល់សេវាសុខាភិបាលសាធារណៈ ក៏ដូចជាឯកជន។
លោកវេជ្ជបណ្តិត កែវ សុផាន់ ប្រធានគណៈគ្រូពេទ្យខេត្តកំពត-កែប បានបញ្ជាក់ថា ការចុះបញ្ជីជាសមាជិក គណៈគ្រូពេទ្យមានសារៈសំខាន់ ហើយវាជាកាតព្វកិច្ចរបស់គ្រូពេទ្យ ព្រោះបើខ្លួនជាអ្នកផ្តល់សេវាសុខាភិបាលក៏ដោយ តែបើគ្មានអាជ្ញាបណ្ណ ក៏ត្រូវមានទោសព្រហ្មទណ្ឌដែរ។
គិតមកត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ចំនួនសមាជិក សមាជិកាគណៈគ្រូពេទ្យកំពត-កែប ចុះបញ្ជីការសរុប២៩៦នាក់ បានដាក់ពាក្យសុំអាជ្ញាបណ្ណសរុប២៥០រូប ក្នុងនោះទទួលបានអាជ្ញាបណ្ណ២៤២រូប ពុំទាន់បាន៨រូប ពុំទាន់សុំអាជ្ញាបណ្ណ៤០រូប និងពុំមានសម្បទាសុំអាជ្ញាបណ្ណ៦រូប (ស្លាប់ ៤រូប) ៕ Sila Sarin






