ប្រធានាធិបតីឥណ្ឌូនេស៊ីបញ្ចុះបញ្ចូល Tesla ឲ្យផលិតរថយន្តអគ្គិសនី នៅក្នុងប្រទេសខ្លួន
ហ្សាកាតា៖ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ីមានបំណងចង់ឱ្យក្រុមហ៊ុន Tesla Inc. ទៅផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសរបស់លោក ដោយមិនមែនមានត្រឹមតែការផលិតតអាគុយអគ្គិសនី នោះទេ ។
លោកបានលើកឡើងទៀតថា ឥណ្ឌូនេស៊ីបានត្រៀមខ្លួនជារួចស្រេច ក្នុងពេលវេលាសមស្របណាមួយ ដើម្បីបញ្ចុះបញ្ចូលលោក Elon Musk ឱ្យមើលឃើញថា ប្រទេសរបស់លោកជាឃ្លាំងផ្ទុកធនធានដ៏សម្បូរបែប។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg នាពេលថ្មីៗនេះ ថា «អ្វីដែលយើងចង់បានគឺរថយន្តអគ្គិសនី មិនមែនអាគុយនោះទេ សម្រាប់ក្រុមហ៊ុន Tesla យើងចង់ឱ្យពួកគេផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាពិសេស គឺយើងចង់បានប្រព័ន្ធអេកូឡូស៊ីដ៏ធំនៃរថយន្តអគ្គិសនី» ជាជាងការទាញយកធនធានធម្មជាតិរបស់យើងដើម្បីផលិតតែអាគុយ ។
គួរបញ្ជាក់ដែរថា លោក Joko Widodo ធ្លាប់បានជួបជាមួយ CEO ក្រុមហ៊ុន Tesla គឺលោក Elon Musk រួចទៅហើយ កាលពីខែឧសភាកន្លងទៅ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបង្រួបបង្រួមទស្សនវិស័យវិនិយោគ ហើយបានអញ្ជើញ Musk ឱ្យទៅទស្សនកិច្ចប្រទេសឥណ្ឌូនេស៊ី ក្នុងខែវិច្ឆិកាខាងមុខនេះ ៕ ប្រភពពី Rueters, ដោយ៖ សារ៉ាត



