ប្រកាសចូលកាន់តំណែងជាអភិបាលខណ្ឌថ្មីចំនួន៣រូប និង៥រូបទៀតត្រូវបានផ្លាសប្តូរពីខណ្ឌមួយទៅខណ្ឌមួយ
ភ្នំពេញ៖ អភិបាលខណ្ឌចំនួន៣រូប ត្រូវបានតែងតាំងថ្មី និង៥រូបទៀតត្រូវបានផ្លាស់ប្តូរ ពីខណ្ឌមួយទៅខណ្ឌមួយ។ ពិធីនេះបានប្រារព្ធនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារដ្ឋបាលរាជធានីភ្នំពេញ។
មន្ត្រីដែលត្រូវតែងតាំងជាអភិបាលខណ្ឌថ្មី៣រូបនេះ រួមមាន៖ ទី១-លោក សក់ ច័ន្ទកញ្ញារិទ្ធ. ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌសែន សុខ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ។ ទី២-លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌ កំបូល មកជាអភិបាលនៃគណៈអភិបាលខណ្ឌចំការមន ។ ទី៣-លោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌ ព្រែកព្នៅ មកជាអភិបាលនៃគណៈអភិបាលខណ្ឌ ដូនពេញ។
ចំពោះ០៥រូប ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាលខណ្ឌមួយទៅអភិបាលខណ្ឌមួយទៀតនេះ រួមមាន ទី១ លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ។
ទី២ -លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ។ ទី៣-លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលខណ្ឌ ព្រែកព្នៅ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ។ ទី៤-លោក លីម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ។ ទី៥ -លោក ថេង សុថុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មក ។ចំណែក
លោក ពេជ្រ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌ មានជ័យ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តម ឃួង ស្រេង នៅក្នុងឱកាសនោះក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចអាជ្ញាធរមន្ត្រីរាជការទាំងអស់ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ មានឆន្ទៈស្រួចស្រាល យកអស់កម្លាំងកាយចិត្តព្រមទាំងប្រាជ្ញាស្មារតីក្នុងការបំពេញតួនាទីភារកិច្ចការពារជាតិមាតុភូមិ រក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូនសង្គមជាតិនិងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជាមួយនឹងការផ្ដល់នូវការអភិវឌ្ឍ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕ ដោយ លោក ថេត វិចិត្រ+ហេង សម្បត្តិ




































