រដ្ឋមន្ត្រីក្រសួងអប់រំធ្វើសន្និសីទ សារព័ត៌មានស្តីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា សម័យនេះគ្មានប្រទេសណាមួយ អាចដាក់អាណានិគម លើប្រទេសមួយទៀតបានទេ ដោយសារតែច្បាប់អន្តរជាតិ។ ការបញ្ជាក់បែបនេះ ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្រ្តីធ្វើសន្និសីទសារព័ត៌មាន ស្តីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះ មានដេប៉ាតឺម៉ង់សិក្សាវៀតណាមផងដែរ នៅទីស្តីការក្រសួងអប់រំ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ។

រដ្ឋមន្ត្រីក្រសួងអប់រ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រោយសង្គ្រាមលើកលោកទី២ យើងមានច្បាប់អន្តរជាតិ មួយដែលរឹងមាំ គ្មានប្រទេសណាមួយអាចដាក់អាណានិគមនិយម នៅលើប្រទេសណាមួយបានទេ ។អញ្ចឹងហើយបានជាសម្តេចតេជោ នាយករដ្ឋមន្ត្រី នៅពេលដែលរុស្ស៉ីវាយអ៊ុយក្រែន គឺសម្តេចបានសម្រេចចិត្តប្រឆាំងនឹងការឈ្លានពាននេះ គឺឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ។អញ្ចឹងក្នុងបរិបទបច្ចុប្បន្នច្បាប់អន្តរជាតិ គឺការពារជាពិសេសប្រទេសតូច ។ច្បាប់អន្តរជាតិមិនអនុញ្ញាតឱ្យប្រទេសមួយទៅដាក់អាណានិគម លើប្រទេសផ្សេងនៅក្នុងពេលបច្ចុប្បន្ននេះទេ»។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា ស្ថានភាពពិភពលោកនាពេលបច្ចុប្បន្ននេះ គឺពីស្ថានភាពរបស់ ពិភពលោកកាលពីអតីតកាល ។ដូច្នេះ គ្រប់បណ្តាប្រទេសទាំងអស់ គឺត្រូវស្ថិតនៅក្រោមការគាំពាំរដោយច្បាប់អន្តរជាតិ ដែលមានអង្គការសហប្រជាជាតិជាដើម។

ការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មានបានចោទសួរ ទាក់ទងឥទ្ធិពល នៃប្រទេសជិតខាងមកលើកម្ពុជា។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា កន្លងមកនៅលើពិភពលោក ប្រទេសខ្សោយតែងរងឥទ្ធិពលពីប្រទេសខ្លាំងជានិច្ច ហើយបើចង់ឱ្យខ្លួនមានឥទ្ធិពលទៅប្រទេសដទៃវិញ គឺត្រូវតែខិតខំធ្វើឱ្យខ្លួនឯងកាន់តែខ្លាំងឡើងជាលំដាប់។

ពាក់ព័ន្ធនឹងការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាមវិញ ត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា មិនមែនធ្វើតាមសំណូមពរ ឬការបង្គាប់បញ្ជាពីប្រទេសណានោះទេ ប៉ុន្តែជាការឆ្លើយតបនឹងតម្រូវការសម្រាប់អ្នកដែលចង់សិក្សា ហើយការបង្រៀននេះទាល់តែមានអ្នករៀន និងបង់ប្រាក់ទើបអាចបង្រៀនបាន៕ដោយ៖ រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner