ថៃប្រកាសអាសន្ន ទឹកជំនន់ខេត្តមួយចំនួននៅទូទាំងប្រទេស ក្នុងរយៈពេល ៣ថ្ងៃ
បាងកក៖ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ចាប់ពីថ្ងៃសៅរ៍ទី២០ សីហា ដល់ថ្ងៃច័ន្ទ ទី២២ សីហា ២០២២ ដែលត្រូវបានព្យាករណ៍ថា នឹងនាំមកនូវទឹកជំនន់ភ្លាមៗ ទៅកាន់ខេត្តមួយចំនួន នៅទូទាំងប្រទេសថៃ។ នាយកដ្ឋានឧតុនិយមថៃបាននិយាយ កាលពីថ្ងៃសុក្រថា ភ្លៀងធ្លាក់ពីមធ្យម ទៅច្រើនអាចកើតមាននៅទូទាំងប្រទេស ក្នុងរយៈពេលបីថ្ងៃនេះ ដោយទីក្រុងបាងកក និងតំបន់ជុំវិញ នឹងរងផលប៉ះពាល់ផងដែរ។
នាយកដ្ឋានថា «ប្រជាជនគួរតែប្រុងប្រយ័ត្នចំពោះស្ថានភាពធ្ងន់ធ្ងរដែលអាចបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗនិងទឹកហូរជាពិសេសនៅតាមបណ្តោយផ្លូវទឹកនៅជិតជើងភ្នំនិងដីទំនាប។»
ប្រភពបន្តថា ខ្យល់បក់ពីមធ្យមទៅខ្លាំងបង្កឱ្យមានរលកកម្ពស់២ម៉ែត្រ នៅសមុទ្រ Andaman និងឈូងសមុទ្រភាគខាងលើនៃប្រទេសថៃ ដែលនឹងមានភ្លៀងធ្លាក់ខ្លាំងទៀត ។
នាយកដ្ឋានបានឱ្យដឹងថា «នាវាគួរតែបន្តការប្រុងប្រយ័ត្ន នឹងបាតុភូតផ្គររន្ទះ»។ ភ្លៀងត្រូវបានគេរំពឹងថា នឹងធ្លាក់មកលើខេត្តមួយចំនួននៅភាគខាងជើង ភាគឦសាន ភាគខាងកើត ភាគខាងត្បូង និងភាគកណ្តាលរួមទាំងក្រុងបាងកក៕ ប្រភពពី The Nation, ដោយ៖ សារ៉ាត


