ក្រសួងអប់រំពង្រឹងសមត្ថភាពអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានដល់គ្រូឧទ្ទេសនៃគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ

វគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសតាមបែបចម្រុះស្ដីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ត្រូវបានរៀបចំឡើងក្នុងគោលដៅពង្រឹងចំណេះដឹង និងសមត្ថភាពគ្រូឧទ្ទេសមកពីគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដើម្បីផ្ទេរចំណេះដឹងនេះបន្តដល់គរុសិស្ស គរុនិស្សិតផ្សេងទៀតដែលនឹងក្លាយជាគ្រូបង្រៀនក្នុងពេលអនាគត ជាយន្តការមួយនៃការផ្សព្វផ្សាយចំណេះដឹងនេះឱ្យបានទូលំទូលាយខណៈដែលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ជាបំណិនដ៏ចាំបាច់សម្រាប់យុគសម័យឌីជីថល សតវត្សរ៍ទី២១។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានសហការរៀបចំដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ DW Akademie នៃប្រទេសអាឡឺម៉ង់។ ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ជាជំហានមួយស្របតាម កំណែទម្រង់វិស័យអប់រំតាមបែបឌីជីថល ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីពង្រឹងសក្តានុពលក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដ៏ពេញលក្ខណៈ ដែលជាទាមទារចាំបាច់នូវពលរដ្ឋឌីជីថល។

វគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសតាមបែបចម្រុះស្ដីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានត្រូវបានរៀបចំចំនួន២វគ្គគឺ៖

  • ការសិក្សាតាមប្រព័ន្ធអនឡាញ តាមរយៈគេហទំព័រ e-learning ក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តោតលើខ្លឹមសារ និងទ្រឹស្ដី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១២ ខែសីហា ឆ្នាំ២០២២។
  • វគ្គបណ្ដុះបណ្ដាលដោយផ្ទាល់ ផ្តោតលើវិធីសាស្ត្រក្នុងការបណ្ដុះបណ្ដាលប្រកបដោយប្រសិទ្ធភាព និងភាពទាក់ទាញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-១៩ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ។

សិក្ខាកាមចូលរួមមកពីគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀនដូចជា វិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាត់ដំបង មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ កំពង់ចាម កណ្តាល និងព្រៃវែង។ បន្ទាប់ពីការទទួលបានខ្លឹមសារមេរៀន និងបច្ចេកទេសក្នុងការបណ្ដុះបណ្ដាល សិក្ខាកាម បានអនុវត្តការបណ្ដុះបណ្ដាលផ្ទាល់ និងទទួលមតិត្រឡប់បែបស្ថាបនា ដើម្បីធានាបានថាអាចយកទៅអនុវត្តបន្តប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបថា កន្លងមក នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងអង្គការ DW Akademie ធ្លាប់បានសហការរៀបចំវគ្គបណ្ដុះបណ្ដាលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ជូនដល់ប្អូនៗសិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិទូទាំង២៥រាជធានីខេត្ត។ ទន្ទឹមនឹងនេះក៏មានការផលិតវីដេអូ មាតិកា ការចងក្រងមេរៀន ផ្សព្វផ្សាយលើបណ្ដាញសង្គម និងគេហទំព័រផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រីកការយល់ដឹងបំណិនខាងលើ។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណដល់អង្គការ DW Akademie ដែលបានសហការឧបត្ថម្ភ ដើម្បីជំរុញការពង្រឹងសមត្ថភាពបុគ្គលិកអប់រំ គ្រូបង្រៀន និងសិស្សានុសិស្សលើផ្នែកអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា អង្គការ DW Akademie នឹងបន្តសហការដើម្បីចូលរួមជួយបង្កើនសមត្ថភាពពលរដ្ឋកម្ពុជា ពិសេសយុវជន ក្លាយជាពលរដ្ឋឌីជីថលពេញលក្ខណៈ ដើម្បីឆ្លើយតបឱ្យបានទាន់ពេល ចំពោះការវិវត្តន៍ថ្មីនៃបច្ចេកវិទ្យាឌីជីថលទូទាំងសកលលោក ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner