អភិបាលខេត្តព្រះវិហារ ក្រើនរំលឹកដល់កម្លាំងសមត្ថិច្ចក្នុងខេត្ត ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដែលបង្កអសន្តិសុខ និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម
ខេត្តព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ក្រើនរំលឹកបែបនេះ ខណៈអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ កងកម្លាំងនគរបាលខេត្តព្រះវិហារ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នៅស្នងការដ្ឋានគរបាលខេត្តព្រះវិហារ។
ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលតែងបានគិតគូ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ កងកម្លាំងប្រដាប់អាវុធជានិច្ច។
ឯកឧត្តម គីម រិទ្ធី បានថ្លែងក្រើនរំលឹក ដល់កម្លាំងស្នងការនគរបាលខេត្តទាំងអស់ ត្រូវមានវិន័យល្អ បន្តអនុវត្តរួមគ្នាជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង ៧ចំណុចរបស់ រាជរដ្ឋាភិបាល ដែលបានដាក់ចុះឲ្យអនុវត្តអស់រយះពេលជាង ១០ ឆ្នាំកន្លងមក ឲ្យទទួលបានជោគជ័យ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា កម្លាំងនគរបាលខេត្ត ត្រូវលើកកម្ពស់សមត្ថភាព និងត្រូវបំពាក់បំប៉នទាំងស្មារតី និងសតិអារម្មណ៍ ក្នុងការចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ក្នុងការថែរក្សាសន្តិសុខជាតិ សន្តិសុខផ្ទៃក្នុង ដែលជាបុព្វបទដ៏សំខាន់ សម្រាប់បម្រើឲ្យការអភិវឌ្ឍលើគ្រប់វិស័យ និងការចូលរួមបង្ការទប់ស្កាត់ មិនឲ្យមានអំពើភេរវកម្ម ការពារសុវត្ថិភាពថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបន្តខិតខំបង្រ្កាបឱ្យបានម៉ឺងម៉ាត់ នូវបទល្មើសគ្រប់ប្រភេទ ពិសេស បទល្មើសដែលបង្កអសន្តិសុខ និងសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន និងសង្គមជាតិ។
ឯកឧត្តម គីម រិទ្ធី បានជំរុញដល់ស្នងការនគរបាលខេត្ត នៅពេលចុះបំពេញបេសសកម្ម ចុះបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ត្រូវស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ត្រូវគោរពគោលការណ៍ ២យ៉ាងដ៏សំខាន់ គឺ ១.ត្រូវឈរលើភាពយុត្តិធម៌ គុណធម៌ និង ២.ត្រូវឈរលើគោលការបត្យាប័ន យុត្តិធម៌ ដោយគ្មានការរើសអើង ចំពោះអ្នកមាន ឬ អ្នកក្រ អ្នកមានបុណ្យស័ក្តិ ឬ អ្នកគ្មានបុណ្យស័ក្តិ អ្នកតូច អ្នកធំ ពណ៌សម្បុរ ឬ និន្នាការនយោបាយអ្វីនោះឡើយ គឺ ត្រូវប្រកាន់ខ្ជាប់នូវគុណធម៌ និងយុត្តិធម៌ ដោយផ្អែកលើមូលដ្ឋាន នៃច្បាប់។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ក៏ដូចប្រជាសហគមន៍ នៅក្នុងខេត្តព្រះវិហារទាំងអស់ គួរផ្លាស់ប្តូរទម្លាប់ការរស់នៅ និងការប្រកបមុខរបរ ពីការកាប់ឈើ និងធនធានធម្មជាតិ ងាកមកប្រកបរបចិញ្ចឹមសត្វគោ ក្របី ជ្រូក មាន់ ទា សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះជារបរស្របច្បាប់។
ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានរាយការណ៍ អំពី សភាពការណ៍សន្តិសុខ បទល្មើសព្រហ្មទណ្ឌ និងលទ្ធផលដែលបង្ក្រាបបាន ការប្រឆាំង និងការចុះបង្ក្រាបបទល្មើសគ្រឿងញៀន ការរក្សាសណ្តាប់ធ្នាប់ និងការធ្វើប្រតិបត្តិការ ស្ថិតិ និងអត្តសញ្ញាណប័ណ្ណ (ស្ថិតិប្រជាពលរដ្ឋ ការផ្តល់សៀវភៅ ក៤ ជូនប្រជាពលរដ្ឋ ៦៩២គ្រួសារ និងផ្តល់ទុតិយការ ៨២៩គ្រួសារ) ការចុះពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តកិច្ចការនគរបាល និងសហគមន៍ ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ការកសាងកម្លាំងនគរបាល ការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងការតម្លើងឋានរន្តរស័ក្តិ ជាដើម។
ស្របពេលជាមួយគ្នានោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានឧបត្ថម្ភថវិកា ដល់ស្នងការដ្ឋាននគរបាលខេត្ត ១០លានរៀល ភេសជ្ជៈ ១០០កេស និងកងកម្លាំងនគរបាល ២៥០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៤ម៉ឺនរៀល ផងដែរ ៕ ដោយ៖ឡុង សំបូរ


























