ប្រជាពលរដ្ឋភូមិចំការបី ទទួលបានផ្លូវលំមួយខ្សែទៀត ជាអំណោយរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា
ខេត្តកែប៖ បន្ថែមថ្មីលើផ្លូវលំចំនួនបីខ្សែ ដែលបានផ្តល់ជូនរួចហើយ ដល់ប្រជាពលរដ្ឋភូមិចំការបី នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិចំការបី បានរៀបចំពិធីបើកការដ្ឋាន ស្ថាបនាផ្លូវលំខ្សែទី៤ មួយខ្សែទៀត ប្រវែង ៣៥០០ម៉ែត្រ ទទឹង១០ម៉ែត្រ ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត យឿង សុខុន សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយភូមិចំការបី ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកែប។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានសំដែងអំណរសាទរជាមួយបងប្អូនប្រជាពលរដ្ឋភូមិចំការបី ដែលទទួលបាន សមិទ្ធផលថ្មីជាបន្តបន្ទាប់ ហើយ ផ្លូវនេះមិនមែនជាផ្លូវទីមួយ ក៏មិនមែនជាផ្លូវចុងក្រោយដែរ គណបក្សប្រជាជនកម្ពុជា ក៏ដូចជារដ្ឋបាលខេត្ត នៅតែបន្តអភិវឌ្ឍតំបន់ភ្នំវល្លិ៍ គឺភូមិចំការបី ភូមិចំការចេក និងភូមិអន្ទង់សរ ដែលធ្លាប់ជាទីតាំងសមរភូមិសង្រ្គាមក្តៅ ជាដីដែលគ្របដណ្តប់ដោយគ្រាប់ម៉ីន ប្រែក្លាយទៅជាតំបន់ដែលមានភាពរីកចម្រើនគ្រប់វិស័យ ពិសេសហេដ្ឋារចនាសម្ពន្ធ សាលារៀន មន្ទីរពេទ្យជាដើម ។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ជំរុញឱ្យប្រជាពលរដ្ឋរក្សាប្រភពទឹក ដើម្បីមានទឹកប្រើប្រាស់ រក្សាព្រៃគង់មិនខ្វះអុសដុត ជឿជាក់គាំទ្រលើគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវសន្តិភាព និងការអភិវឌ្ឍ តទៅ ។
ឯកឧត្តមបណ្ឌិត យឿង សុខុន សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយភូមិចំការបី បានមានប្រសាសន៍កោតសសើរ ចំពោះបងប្អូនប្រជាពលរដ្ឋភូមិចំការបីទាំងអស់ដែលខិតខំប្រឹងប្រែ ប្រកបរបបរកទទួលទាន លើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងប្រែក្លាយទំលាប់រស់នៅ ទៅរកភាពស៊ីវីលៃ មានផ្ទះធំទ្រនំខ្ពស់គ្រប់ៗគ្នា ថ្វីត្បិតបងប្អូនរស់នៅតំបន់ភ្នំ តែមានជីវភាព និងទំលាប់ដូចអ្នកទីក្រុង នេះបង្ហាញឱ្យឃើញថា បងប្អូន ខិតខំប្រឹងប្រែងជួយលើកកំពស់ជីវភាពខ្លួនឯង ស្របពេលដែលគណបក្សប្រជាជនយើង ខិតខំបង្កលក្ខណៈ កសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ទឹកស្អាត តាំងពីគ្នាន មកមាន ពីមាន ឱ្យកាន់តែប្រកបដោយគុណភាពថែមទៀត ។
ក្នុងនោះដែរ ឯកឧត្តម ក៏បានជំរុញដល់បងប្អូនបញ្ជូនកូនៗទៅសាលារៀន ដើម្បីបង្កើនធនធានមនុស្ស នៅក្នុងតំ បន់របស់យើង ឱ្យក្លាយជាទំពាងស្នងឬស្សី ប្រកបដោយគុណភាព ដើម្បីបន្តវេន ជាយុវជរបស់គណបក្សប្រជាជនយើង ជួយបន្តអភិវឌ្ឍភូមិឃុំរបស់យើង ក៏ដូចជាប្រទេសរបស់យើងឱ្យកាន់តែរីកច្រើនថែមទៀត។
ឯកឧត្តម យឿង សុខុន លើកឡើងអំពីការផ្តល់តំលៃទៅលើសន្តិភាព ដែលធ្វើឱ្យយើងមានឱកាសគ្រប់គ្រាន់ ធ្វើអ្វីៗក៏បាន ហើយអ្នកដែលនាំមកនូវសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ដែលកំពុង ដឹកនាំប្រទេស តាំងពីដំណាក់កាលលំបាក រហូតដល់មានអ្វីៗគ្រប់បែបយ៉ាង ដូច្នេះសូមបងប្អូននៅតែបន្តជឿជាក់ គាំទ្រគណបក្សប្រជាជន រួមគ្នាកសាងប្រទេសជាតិឱ្យកាន់តែរុងរឿងថែមទៀត ។
បន្ទាប់មកគណៈអធិបតីក៏បានផ្តល់ជូននូវសារុងម្នាក់មួយ និងអញ្ជើញបញ្ជាគ្រឿងចក្រ ជានិមិត្តរូបនៃការចាប់ផ្តើមការដ្ឋានស្ថាបនាផ្លូវថ្មី ប្រវែង ៣៥០០ម៉ែត្រចាប់ពីពេលនេះតទៅ ៕ Sila Sarin






