ឥណ្ឌូណេស៊ីមានករណីជំងឺអុតស្វា ជាលើកដំបូង

ហ្សាកាតា៖ ក្រសួងសុខាភិបាលឥណ្ឌូណេស៊ីបានប្រកាសពីការរកឃើញករណីឆ្លងមេរោគអុតស្វា ជាលើកដំបូង លើខ្លួនបុគ្គលម្នាក់ដែលទើបនឹងត្រឡប់មកពីប្រទេស ដែលមិនមានប្រវត្តិឆ្លងជំងឺនេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Mohammad Syahril បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃសៅរ៍ ទី២០ សីហាថា បុរសអាយុ ២៧ឆ្នាំ បានធ្វើតេស្តវិជ្ជមាន នៃជំងឺអុតស្វា នៅក្នុងរដ្ឋធានីហ្សាកាតា កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍នេ។ បុរសជនជាតិឥណ្ឌូណេស៊ីរូបនេះ មានសុខភាពធម្មតា និងចេញរោគសញ្ញាស្រាល ហើយកំពុងស្នាក់នៅដាច់ដោយឡែកពីគេក្នុងផ្ទះ។ ប៉ុន្តែមិនបានប្រាប់ថាអ្នកជំងឺរូបនេះទើបនឹងត្រឡប់មកពីប្រទេសណានោះទេ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា យើងកំពុងតាមដានលើអ្នកដែលបានប្រាស្រ័យទាក់ទងជិតស្និទ្ធ នឹងបុរសខាងលើនេះ ដោយបន្ថែមថា រដ្ឋាភិបាលកំពុងស្ថិតក្នុងដំណើរការនៃការផ្គត់ផ្គង់វ៉ាក់សាំងប្រហែល ១០,០០០ដូស សម្រាប់ជំងឺអុតស្វា។

ក្រសួងសុខាភិបាលបានជំរុញឲ្យពលរដ្ឋកុំជ្រួលច្របល់ និងបានធានាដល់សាធារណជនថា ជំងឺអុតស្វាអាចព្យាបាលបាន ។ រហូតមកដល់ពេលនេះ មន្រ្តីជំនាញបានធ្វើតេស្តករណីសង្ស័យចំនួន ២២ មកពីទូទាំងប្រទេស ដែលទាំងអស់សុទ្ធតែអវិជ្ជមាន។

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានប្រកាសជំងឺអុតស្វាជាគ្រោះអាសន្នសុខភាពសកល ដោយមានករណីជាង ៤០,០០០ ត្រូវបានបញ្ជាក់ នៅក្នុងប្រទេសជាង ៨០ ដែលមិនធ្លាប់ឆ្លងនូវជំងឺនេះ៕ ប្រភពពី Reuters ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner