ក្រសួងសំណង់ប្រទេសវៀតណាមចង់បានកម្ចីការប្រាក់ទាប សម្រាប់លំនៅឋានសង្គម
ហាណូយ៖ ក្រសួងសំណង់ប្រទេសវៀតណាមបានស្វែងរកប្រាក់កម្ចីដែលមានការប្រាក់ទាប ចំនួន ៤.៣ ពាន់ពាន់លានដុង (១៨៣.៧ លានដុល្លារ) ដើម្បីអនុវត្តគម្រោងជួសជុលលំនៅដ្ឋាន និងអាផាតមិន។
ក្រសួងបានអំពាវនាវឱ្យធនាគាររដ្ឋវៀតណាម ណែនាំធនាគារឱ្យខ្ចីប្រាក់ក្នុងអត្រាការប្រាក់ ២ភាគរយចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០២៣។ ថវិកាត្រូវការសម្រាប់គម្រោងលំនៅឋានសង្គមចំនួនបី នៅទីក្រុង ហូជីមិញ និងចំនួនបួន នៅទីក្រុង Quy Nhon និងជួសជុលអគារផ្ទះល្វែងចំនួនបួនគម្រោង ដែលដួលរលំនៅទីក្រុង ហូជីមិញ។ ការងារនេះមានលំនៅឋាន សរុបចំនួន ៧ ៩០៤ យូនីត។ មានអគារសង្គមចំនួន ៣០១ ដែលមាន ១៥៦០០០ យូនីតនៅក្នុងប្រទេស និង ៤០១ ផ្សេងទៀតកំពុងសាងសង់។
កាលពីដើមខែសីហា ២០២២ រដ្ឋមន្ត្រីក្រសួងសំណង់ លោក ង្វៀន ថាញ់ងី(Nguyen Thanh Nghi )បាននិយាយថា គោលដៅគឺដើម្បីមានលំនៅដ្ឋានសង្គមមួយលានយូនីត នៅឆ្នាំ ២០៣០។
លោកបានបន្ថែមថា ក្រសួងរបស់លោកនឹងធ្វើការជាមួយធនាគារកណ្តាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំបញ្ជីគម្រោងដែលមានសិទ្ធិទទួលបានកម្ចីការប្រាក់ទាប៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត



