ឯកឧត្តម ផៃ ប៊ុនឈឿន អញ្ជើញជាអធិបតីបើកសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលស្តីពី «ជំងឺអេដស៍ និងគ្រឿងញៀន»
ភ្នំពេញ៖ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីស្តីទីនៃក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោលស្តីពី «ជំងឺអេដស៍ និងគ្រឿងញៀន» នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង។
ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធ និងជំងឺអេដស៍នៃក្រសួងបរិស្ថាន បានឱ្យដឹងថា គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលនេះ គឺមានគោលបំណងសំខាន់ៗ ដូចជា៖
– ផ្ដល់ចំណេះដឹង និងផ្សព្វផ្សាយឲ្យបានទូលំទូលាយជាចលនាជាតិ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ និងការប្រើប្រាស់គ្រឿងញៀនក្នុងវិស័យបរិស្ថានទូទាំង២៥រាជធានីខេត្ត ។
– លើកកម្ពស់ការចូលរួមពីសំណាក់មន្ទីរបរិស្ថាន និងមន្ត្រីឧទ្យាននុរក្ស និងអ្នកពាក់ព័ន្ធនានា ដើម្បីបញ្ចប់បញ្ហាអេដស៍ ២០២៥-២០៣០ និងចូលរួមផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រលាញ់ កុំឱ្យជួបនូវបញ្ហាអកុសលបណ្ដាលមកពីគ្រឿងញៀន និងជំងឺអេដស៍។
– ចូលរួមផ្សព្វផ្សាយទប់ស្កាត់បទល្មើស និងការប្រើប្រាស់គ្រឿងញៀនក្នុងតំបន់ការពារធម្មជាតិ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន។
– ចង់ឲ្យសិក្ខាកម្មយល់ដឹងពីគុណវិបត្តិ វិធីបង្ការជំងឺអេដស៍ និងគុណវិបត្តិនៃការប្រើប្រាស់គ្រឿងញៀន ។
– ចង់ឲ្យយុវជន យុវតី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ រួមគ្នាប្រឆាំងជំងឺអេដស៍ និងប្រឆាំងការប្រើប្រាស់គ្រឿងញៀន។
ក្នុងឱកាសនោះ ឯកឧត្តម ផៃ ប៊ុនឈឿន មានប្រសាសន៍ថា ជំងឺអេដស៍ និងគ្រឿងញៀនជាបញ្ហាសកលដែលបាននឹងកំពុងបំផ្លាញធនធានមនុស្ស និងកោសិកាសង្គម និងពិភពលោកទាំងមូល ទន្ទឹមគ្នានោះ យើងទាំងអស់គ្នាបានយកចិត្តទុកដាក់ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្ការ និងទប់ស្កាត់បញ្ហាទាំងនេះឱ្យទាន់ពេលវេលា។ ឯកឧត្តមបញ្ជាក់ថា ប្រទេសកម្ពុជាចាប់ពីចុងទសវត្សន៍ឆ្នាំ១៩៩០មកដល់បច្ចុប្បន្ននេះ កម្ពុជាយើងមានប្រជាជនប្រមាណ១សែននាក់ បានបាត់បង់ជីវិតរួចទៅហើយដោយសារមេរោគអេដស៍ និងជំងឺអេដស៍ និងមានប្រជាជនប្រមាណ៧ម៉ឺននាក់ កំពុងផ្ទុកមេរោគអេដស៍។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវ គោលដៅយុទ្ធសាស្រ្ត ៩៥-៩៥-៩៥ ដោយបានកំណត់យកឆ្នាំ២០២៥-២០៣០ ជាគោលដៅដែលកម្ពុជាសម្រេចបាននូវអត្រា ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់បានធ្វើរោគវិនិច្ឆ័យហើយ និង៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់បានទទួលការព្យាបាលដោយឳសថប្រឆាំងនឹងមេរោគអេដស៍ ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួន ដែលលែងជាគ្រោះគំរាមកំហែងដល់អ្នកផ្ទុកមេរោគអេដស៍។
ឯកឧត្តមរដ្ឋមន្រ្តីស្តីទី បញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានជាសេនាធិការឱ្យរាជរដ្ឋាភិបាលមួយ ក្នុងការចូលរួមឆ្លើយតប និងចូលរួមការប្តេជ្ញាចិត្តក្នុងការលុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់យ៉ាងច្បាស់លាស់នូវគោលដៅសូន្យបី ខាងលើនៅក្នុងក្រសួងបរិស្ថាន។ រីឯបញ្ហាគ្រឿងញៀន យើងសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការ ពិសេសក្រសួង ស្ថាប័ន និងអង្គភាពដែលជាសមាជិកទាំងអស់ រួមជាមួយស្ថាប័នជាតិកំពូលផ្សេងៗទៀត ដូចជាព្រឹទ្ធសភា រដ្ឋសភា កាកបាទក្រហមកម្ពុជា ក៏ដូចជាអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិជាដៃគូដទៃទៀត បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី ក្នុងការចូលរួមអនុវត្តសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដើម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។ ក្រសួងបរិស្ថានបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធនាការអប់រំផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដល់មន្រ្តី និងឧទ្យានុរក្សតាមន្ទីររាជធានីខេត្ត បានចំនួន១៤លើក ព្រមទាំងក្នុងវេទិកាផ្សេងៗ៕ម.ន



