អាមេរិក ព្រមានថារុស្ស៊ីព្យាយាមគេចទណ្ឌកម្មលោកខាងលិចតាមរយៈតួកគី
អនុរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Wally Adeyemo បានប្រាប់អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុតួកគីលោក Yunus Elitas ថា អង្គភាព និងបុគ្គលរុស្ស៊ីកំពុងព្យាយាមប្រើប្រទេសតួកគី ដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ចំពោះការឈ្លានពានអ៊ុយក្រែន។
ការព្រមាននេះ ធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃសុក្រ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិកដែលនិយាយថា អនុរដ្ឋមន្រ្តីទាំង២បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីអនុវត្ត និងពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
កន្លងមក មានការព្រមានពីអ្នកសង្កេតការណ៍ និងការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់លោកខាងលិចផ្សេងៗថា តួកគីមិនអើពើនឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ហើយអួតអាងអំពីកំណើននៃទំហំពាណិជ្ជកម្មជាមួយសហព័ន្ធរុស្ស៊ី។
យ៉ាងណាមិញ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ក្រសួងហិរញ្ញវត្ថុតួកគីនិយាយថាលោក Elitasបានសង្កត់ធ្ងន់លើទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយដ៏ស៊ីជម្រៅរបស់ខ្លួនទាំងជាមួយរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែធានាថា រដ្ឋាភិបាលក្រុងអង់ការ៉ានឹងមិនអនុញ្ញាតឱ្យមានការរំលោភបំពានណាមួយ កើតឡើងលើទណ្ឌកម្មនោះទេ។
ក្រសួងនិយាយនិយាយក្នុងសេចក្ដីថ្លែងការណ៍ថា៖«លោក Elitasបានបញ្ជាក់ថា ជំហររបស់តួកគី មិនបានផ្លាស់ប្តូរដោយសារតែដំណើរការបច្ចុប្បន្ន និងការដាក់ទណ្ឌកម្មនោះទេ ប៉ុន្តែក៏នឹងមិនអនុញ្ញាតឱ្យមានការរំលោភលើទណ្ឌកម្មដោយស្ថាប័ន ឬបុគ្គលណាមួយឡើយ»។
ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន តួកគីដែលជារដ្ឋសមាជិកមួយរបស់ណាតូ ខំប្រឹងព្យាយាមរក្សាតុល្យភាពរបស់ខ្លួនលើទំនាក់ទំនងការទូតរវាងលោកខាងលិច និងរុស្ស៊ីដែលជាដៃគូពាណិជ្ជកម្មសំខាន់។ ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិចដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី តួកគីដែលដើរតួជាអ្នកសម្របសម្រួលរកកិច្ចចរចាសន្តិភាពរវាងភាគីទាំង២នៃជម្លោះ បានបដិសេធមិនចូលដៃចំពោះករណីនេះ។
កាលពីសប្ដាហ៍មុន ប្រធានាធិបតីតួកគីលោកRecep Tayyip Erdoganនិងសមភាគីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីនបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំមួយនៅទីក្រុង Sochi លើការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូន កសិកម្ម និងសំណង់ ហើយចាប់ផ្តើមអនុវត្តការទូទាត់មួយផ្នែកជាប្រាក់រូប្លិ៍ សម្រាប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីរុស្ស៊ី។
តាមការចុះផ្សាយរបស់សារព័ត៌មាន DW របស់អាល្លឺម៉ង់ អ្នកសង្កេតការណ៍មួយចំនួនហៅកិច្ចប្រជុំនោះថា ជាជំនួបដែល «មេដឹកនាំទាំង២ជួបនិយាយគ្នាពីបញ្ហាសេដ្ឋកិច្ច» ដោយលោក Erdogan ស្វែងរកការជំរុញដល់សេដ្ឋកិច្ចតួកគី ដើម្បីត្រៀមខ្លួនមុនការបោះឆ្នោត ខណៈលោក ពូទីន ស្វែងរកផ្លូវចេញ ជុំវិញការទណ្ឌកម្មពីលោកខាងលិច។
ការមិនដាក់ទណ្ឌកម្មរុស្ស៊ីរបស់តួកគី ត្រូវបានគេមើលឃើញថា ដោយសារតែប្រទេសនេះស្ថិតក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច រួមទាំងការចុះថោកនៃតម្លៃប្រាក់ជាតិ និងកំណើនអតិផរណា ដែលអ្នកសេដ្ឋកិច្ចព្រមានថា អាចបណ្តាលឱ្យមានការដួលរលំជាប្រព័ន្ធ។
តួកគីគឺជាប្រទេសដែលនាំចូលប្រេង និងហ្គាសស្ទើរតែទាំងអស់ដែលខ្លួនប្រើប្រាស់ ដោយរុស្ស៊ីផ្គត់ផ្គង់ប្រហែល ១/៤ នៃការនាំចូលប្រេង និងស្ទើរតែពាក់កណ្តាលនៃការនាំចូលឧស្ម័នធម្មជាតិរបស់តួកគីក្នុងឆ្នាំ ២០២១។
តម្លៃថាមពលខ្ពស់ និងការបាត់បង់ភ្ញៀវទេសចររុស្ស៊ី និងអ៊ុយក្រែនរាប់លាននាក់នៅឆ្នាំនេះ គឺជាបញ្ហាដ៏ធំ២សម្រាប់រដ្ឋបាលរបស់លោក Erdogan ដែលតម្រូវឱ្យក្រុងអង់ការ៉ាធ្វើយ៉ាងណា ត្រូវរក្សាទំនាក់ទំនងជាមួយក្រុងម៉ូស្គូ និងក្រុងកៀវដែលខ្លួនផ្ដល់ជំនួយផ្សេងៗដូចជាថ្នាំពេទ្យ ស្បៀង និងដ្រូនបំពាក់អាវុធជាដើម។
លើសពីនេះ កាលពីខែមីនាកន្លងទៅ វិមានក្រឹមឡាំងបានអនុម័ត«គម្រោងនាំចូលស្របគ្នា» ដើម្បីដកទំនិញប្រើប្រាស់មួយចំនួនចេញពីបញ្ជីនៃទណ្ឌកម្មរបស់លោកខាងលិច។កាសែតពាណិជ្ជកម្មតួកគីDunyaចុះផ្សាយថា យន្តការនៃ«ការនាំចេញឡើងវិញ» នេះ បានប្រែក្លាយប្រទេសតួកគីទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏មមាញឹក សម្រាប់ទំនិញដែលកំណត់ទិសដៅសម្រាប់រុស្ស៊ី។ តាមរយៈនេះ ក្រុមហ៊ុនរុស្ស៊ីមួយចំនួន ថែមទាំងបានបើកការិយាល័យនៅតួកគីដើម្បីការនាំចូលទំនិញដំបូង ដែលទិញដោយទីក្រុងម៉ូស្គូពីប្រទេសទី៣ សម្រាប់ការផ្ទេរជាបន្តបន្ទាប់ទៅកាន់កំពង់ផែរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ DW។
ទំនាក់ទំនងបែបនេះហើយ ទើបបង្កឱ្យមានការព្រមានផ្សេងៗពីអ្នកសង្កេតការណ៍ និងការរាយការណ៍តាំងពីសង្រ្គាមចាប់ផ្ដើមមកថា រុស្ស៊ីអាចប្រើប្រាស់តួកគី ដើម្បីគេចទណ្ឌកម្មលោកខាងលិច។ លោកKerim Has អ្នកវិភាគនយោបាយឯករាជ្យស្តីពីទំនាក់ទំនងរុស្ស៊ី និងអឺរ៉ាស៊ីនិយាយប្រាប់DW ថា៖ «តួកគីគឺជាទំនាក់ទំនងតែមួយគត់ ដែលនៅសេសសល់របស់រុស្ស៊ីទៅកាន់លោកខាងលិច។ ដូច្នេះទីក្រុងអង់ការ៉ាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសរុស្ស៊ីនៅពេលនេះ»។
លោកនិយាយថា កិច្ចព្រមព្រៀងចុងក្រោយរវាងលោកErdogan និងលោក ពូទីនគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការជួយសម្រួលពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយអឺរ៉ុប តាមរយៈតួកគី ដើម្បីជៀសវាងទណ្ឌកម្ម។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន កាសែតFinancial Times បានរាយការណ៍ថា រដ្ឋលោកខាងលិចមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងតួកគី និងរុស្ស៊ីដោយព្រមានអំពីការកើនឡើងនៃហានិភ័យសម្រាប់ទីក្រុងអង់ការ៉ា ដែលប្រឈមនឹងទណ្ឌកម្មចំពោះការជួយក្រុងម៉ូស្គូក្នុងការគេចវេសទណ្ឌកម្មលោកខាងលិច។
ចំពោះករណីនេះ អ្នកវិភាគផ្សេងគ្នានិយាយថា តួកគីនៅតែប្រុងប្រយ័ត្នចំពោះសកម្មភាពរបស់ខ្លួន ដោយការមិនស្វាគមន៍ការវិនិយោគទ្រង់ទ្រាយធំរបស់មហាសេដ្ឋីរុស្ស៊ីជាដើម ខណៈលោកHuseyinBagciប្រធានវិទ្យាស្ថានគោលនយោបាយបរទេសនៅទីក្រុងអង់ការ៉ាប្រកែកថា តួកគីមិនមែនជាសមាជិកពេញសិទ្ធិរបស់សហភាពអឺរ៉ុបទេ «ដូច្នេះតួកគីមិនមានកាតព្វកិច្ចធ្វើតាមការសម្រេចចិត្តតាមប្លុកនេះទេ បើនិយាយតាមនយោបាយ»។

ប្រភព៖ Reuters