បើកការប្រកួតបាល់ទាត់ Cambodia Day ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ និងទាក់ទាញប្រជាជនជប៉ុនធ្វើទេសចរណ៍មកកម្ពុជា

ភ្នំពេញ៖ សេចក្តីរាយការណ៍ពីប្រទេសជប៉ុនបានឱ្យដឹងថា ក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជាបានរៀបចំការប្រកួតបាល់ទាត់វាងក្រុម Shimizu S-Pulse និង Kashiwa Reysol នៃលីគកំពូលជប៉ុន (Japan League) ដោយបានប្រសិទ្ធិនាមការប្រកួតថាជា “ទិវាកម្ពុជា Cambodia Day “។

ពិធីនេះមានការអញ្ជើញបើកដោយ ឯកឧត្ដម IMAMURA Masahiro សមាជិកសភា និងជាប្រធានសមាគមសភាជប៉ុន-កម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅទីលានបាល់ទាត់នៅខេត្ត Shizuoka ដែលជាកន្លែងប្រកួតបានផ្សព្វផ្សាយយ៉ាងទូលាយអំពីកម្ពុជា ដោយប្រើពាក្យថា “កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ Cambodia: Kingdom of Wonder” និង មាន អ្នកចូលរួម ទស្សនាប្រមាណ ១៥ ០០០នាក់។

ជាមួយគ្នានឹងការប្រកួតបាល់ទាត់នោះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ក៏បាន រៀបចំ ស្តង់ដើម្បី តាំងបង្ហាញផលិតផលខ្មែរ និងផ្សព្វផ្សាយ តំបន់ទេសចរណ៍នានា នៅ ប្រទេសកម្ពុជា ក៏ដូចជាមានកម្មវិធីឆ្លើយសំនួរពាក់ព័ន្ធនឹង ប្រទេសកម្ពុជា ដើម្បី ទទួលបាន រង្វាន់ ដូចជា ក្រមា ឬអាវ យឺតជាដើម។

សកម្មភាពទាំងនេះគឺបានបង្ហាញឲ្យឃើញពីអរិយធម៌ដ៏ល្អផូរផង់របស់កម្ពុជា និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទាញប្រជាជនជប៉ុនជាមិត្តឱ្យចាប់អារម្មណ៍ និងស្គាល់កម្ពុជាឱ្យកាន់តែច្រើនឡើង ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍របស់កម្ពុជាផងដែរ ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយសម្រាប់ការរៀបចំការប្រកួតបាល់ទាត់ ដែលមានឈ្មោះថា Cambodia Day ដែលលើកទី១គឺធ្វើឡើងកាលពីខែសីហា ឆ្នាំ ២០២១ នៅទីលានបាល់ទាត់នៅខេត្ត Shizuoka ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner