ក្រុមកម្ពុជាតំណាងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ឈ្នះការប្រកួតជុំទី១ ត្រៀមបន្តទៅវគ្គបន្ទាប់ នៃការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon ឆ្នាំ២០២២
ភ្នំពេញ៖ ក្រុមកម្ពុជាដែលមាននិស្សិតឆ្នើមមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាតំណាងបានចូលរួមការប្រកួតរ៉ូបូតថ្នាក់អន្តរជាតិ ABU Robocon ឆ្នាំ២០២២ ជាមួយបណ្តាប្រទេសចំនួន ១២ ផ្សេងទៀត ដែលតំណាងដោយសាកលវិទ្យាល័យល្បីៗរបស់ខ្លួន។
ប្រភពក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅថ្ងៃនេះបានឱ្យដឹងថា នៅក្នុងការប្រកួតក្នុងជុំទី១ នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២២នេះក្រុមកម្ពុជាទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយបានយកឈ្នះលើក្រុមម៉ាឡេស៊ីក្នុងលទ្ធផល ៦៥ ទល់នឹង ៤៥ ហើយបន្តយកឈ្នះលើក្រុមហ្វីជីក្នុងលទ្ធផល ៦៥ ទល់នឹង ២៥។
លទ្ធផលនេះនឹងអនុញ្ញាតឱ្យកម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនឹងធ្វើឡើងបន្ទាប់ពីជុំទី១ ត្រូវបានបញ្ចប់។ ចំពោះ លោកអ្នកដែលចង់ទស្សនាការប្រកួតនេះដោយផ្ទាល់លើ Online សូមចូលទៅកាន់ https://youtu.be/wttdU6ItDhI ។
ប្រភពដដែលបន្តថា ក្រុមរ៉ូបូត CADT 01 មកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៩ ឆ្នាំ២០២២ កាលពីថ្ងៃទី២៦ មិថុនា ២០២២ ដែលធ្វើឱ្យពួកគេមានឱកាសចូលរួមការប្រកួតតំណាងឱ្យកម្ពុជា នាពេលនេះ៕ (រូបថតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍)




