ពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀងរវាងសមាជិកនៃក្រុមការងារអនុវត្តគម្រោងស្តីពី “RiceTechCambodia” ដែលគាំទ្រដោយទីភ្នាក់ងាសហគ្រាសរបស់ប្រទេសហូឡង់

នៅសណ្ឋាគារ Raffles le Royal នារសៀលថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀងរវាងសមាជិកនៃក្រុមការងារអនុវត្តគម្រោងស្តីពី “RiceTechCambodia” ដែលគាំទ្រដោយទីភ្នាក់ងាសហគ្រាសរបស់ប្រទេសហូឡង់។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម Thomas Van Leeuwen តំណាងឯកអគ្គរដ្ឋទូតហូឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ច័ន្ទ សូម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងមកពីស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សមាជិក សមាជិកាយ៉ាងច្រើនកុះករ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលហូឡង់ ដែលបានគាំទ្រហិរញ្ញវត្ថុដើម្បីអនុវត្តគម្រោងនេះ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Amru Rice ដែលបានខិតខំស្វះស្វែងរកដៃគូជាតិ និងអន្តរជាតិ បំណងកៀរគរជំនួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីយកមកអនុវត្តន៍គម្រោងក្នុងទិសដៅជួយដល់កសិករខ្នាតតូចនៅខេត្តមណ្ឌលគិរី ដូចបានបញ្ជាក់ជូនយ៉ាងពិស្តារដោយលោក សុង សារ៉ន លោក Robert Vreeman លោកជំទាវច័ន្ទ សូម៉ាលី  និងឯកឧត្តម Thomas Van Leeuwen។ ឯកឧត្តម បានថ្លែងបន្តក្នុងសុទិដ្ឋិនិយមថា គម្រោងនេះបានកើតឡើងស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងចក្ខុវិស័យពិតប្រាកដក្នុងការធ្វើទំនើបភាវូបនីយកម្មកសិកម្ម មានលក្ខណៈបរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងជាលក្ខណ:អន្តរជាតិ ដោយឈរលើគោលការណ៍ធានាគុណភាព អនាម័យ ភូតគាមអនាម័យ (SPS) និងតម្លៃបន្ថែម ដែលតម្រូវឲ្យបានសមស្របទៅនឹងតុល្យភាពនៃការប្រើប្រាស់ធនធានដី ទឹក មនុស្ស និងធាតុចូលកសិកម្មផ្សេងៗទៀតផងដែរ ក្នុងសុឆន្ទ:ជំរុញកំណើនប្រាក់ចំណូលគ្រួសារនៅជនបទដែលភាគច្រើនជាជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគីរី។

ឯកឧត្តម បានរំលេចផងដែរថា នៅឆ្នាំ២០១៨ កម្ពុជាបានក្លាយជាប្រទេសនាំចេញអង្ករមួយក្នុង ចំណោមប្រទេសនាំចេញអង្ករធំៗទាំង១០ នៅលើពិភពលោក។ ក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នា អង្ករក្រអូបពូជស្រូវផ្ការំដួលរបស់កម្ពុជាត្រូវបានទទួលស្គាល់ថា មានគុណភាពល្អ និងរសជាតិឆ្ងាញ់ជាងគេបំផុតលើពិភពលោក។ ព្រមជាមួយសមិទ្ធផលនេះ វិស័យស្រូវ-អង្ករកម្ពុជា ក៏កំពុងមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលជាឧបសគ្គក្នុងការធ្វើឲ្យសម្រេចគោលនយោបាយនាំចេញអង្គរ ១លានតោន/ឆ្នាំ របស់រាជរដ្ឋាភិបាល ក្នុងនោះមានដូចជា៖ ១-កង្វះទុនសម្រាប់ប្រមូលទិញស្រូវ ខ្វះឡសម្ងួត និងឃ្លាំងស្តុក ២-ការផ្គត់ផ្គង់ធាតុចូលសម្រាប់ធ្វើការកែច្នៃមានតម្លៃខ្ពស់ ព្រមទាំងមធ្យោបាយដឹកជញ្ជូន ៣-ការអនុវត្តវិធានបច្ចេកទេស អនាម័យ និងភូតគាមអនាម័យក្នុងរោងម៉ាស៊ីនកិនស្រូវនៅមានកម្រិត។ល។ ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធដោយត្រង់ និងដោយប្រយោល សហការចូលរួមបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដោយឈរលើស្មារតីទទួលខុសត្រូវ និងរក្សាផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យអង្គពិធីគិតពិចារណានូវវិធានការគន្លឹះមួយ ចំនួនជាអាទិ៍៖ ១-ការលើកកម្ពស់ផលិតកម្មស្រូវប្រកបដោយគុណភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន ២-ការបង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងការកែច្នៃអង្ករ ៣-ការធ្វើពិពិធកម្មទីផ្សារអង្ករ និងជំរុញការនាំចេញ ៤-ការរៀបចំចងក្រងសហគមន៍ផលិតដោយឈរលើគោលការណ៍ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍ-សហគមន៍” និង៥-ពង្រឹងភាពទទួលខុសត្រូវលើការផ្គត់ផ្គង់ធាតុចូលកសិកម្មឲ្យបានសុក្រឹត។ បច្ចុប្បន្ន ដោយឆ្វេងយល់លើតម្រូវការចំបាច់ រាជរដ្ឋាភិបាលបានព្យាយាមកាត់បន្ថយតម្លៃសេវាកម្ម និងរបាំងជាច្រើនដើម្បីសម្រួលដល់ការនាំចេញ យកចិត្តទុកដាក់ដោះស្រាយបញ្ហាឡសម្ងួត និងឃ្លាំងស្តុកតាមរយៈគម្រោង Rice-SDP, JICA, គម្រោងជំរុញផលិតកម្មស្បៀង (BFP) គម្រោងហិរញ្ញប្បទានរបស់ចិន និងគម្រោងរបស់ធនាគារអភិវឌ្ឍន៍ជនបទ។ល។ ដូច្នេះគ្រប់តួអង្គពាក់ព័ន្ធ ត្រូវប្តេជ្ញាចិត្តទាំងអស់គ្នាដើម្បីចូលរួមចំណែកជួយជំរុញការអនុវត្តគម្រោងនេះឲ្យទទួលបានជោគជ័យតាមការរំពឹងទុក៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner