អធិការបតីអាល្លឹម៉ង់សន្យាផ្តល់ជំនួយសព្វាវុធបន្ថែមដល់អ៊ុយក្រែនឆាប់ៗនេះ
ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ ថ្លែងថា ប្រទេសរបស់លោកបានធ្វើការផ្គត់ផ្គង់ “សព្វាវុធជាច្រើន” ដល់អ៊ុយក្រែន ហើយនឹងបន្តផ្តល់ឱ្យទីក្រុងកៀវ នូវអ្វីដែលខ្លួនត្រូវការដើម្បីការពារប្រទេសជាតិរបស់ពួកគេ ។
លោក សូលស៍ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន អាល្លឺម៉ង់កំពុងស្ថិតក្នុងដំណើរការផ្គត់ផ្គង់គ្រឿងបរិក្ខាទំនើបៗ និងមានប្រសិទ្ធភាពបំផុត ដោយលោកចង់សំដៅដល់ការផ្តល់ជូននាពេលថ្មីៗនេះ ក្នុងនោះរួមមានកាំភ្លើងធំប្រឆាំងយន្តហោះ Gepard និងប្រព័ន្ធកាំភ្លើងធំប្រភេទ PzH 2000 howitzers។
ទន្ទឹមគ្នា មេដឹកនាំអាល្លឺម៉ង់រូបនេះបានប្តេជ្ញាថា សព្វាវុធកាន់តែច្រើននឹងនៅទីនោះ (អ៊ុយក្រែន) ក្នុងពេលឆាប់ៗនេះហើយថា ការផ្តោតសំខាន់របស់គាត់នៅតែផ្តោតលើ “ការធានាថា មិនមានការកើនឡើងនៃសង្រ្គាម”។
ការអត្ថាធិប្បាយខាងលើនេះរបស់លោក សូលស៍ កើតឡើងស្របពេលដែលឧត្តមសេនីយចូលនិវត្តន៍ Klaus Wittmann បានចោទប្រកាន់គាត់ពីកង្វះភាពជាអ្នកដឹកនាំ និងហាក់ដូចជារងការបំភិតបំភ័យពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ។ នេះបើតាមប្រភពពីសារព័ត៌មានអាល្លឺម៉ង់ NTV៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា






