ក្រុមកីឡាគ្រីកម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនពីការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមឥណ្ឌា
ភ្នំពេញ:ក្រុមកីឡាកម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនពីការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមគ្រីឃីតឥណ្ឌា រយៈពេល២ថ្ងៃ កាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២២ នៅកីឡដ្ឋានខេត្តកណ្តាល។
ការប្រកួតមិត្តភាពអន្តរជាតិនេះត្រូវបានធ្វើឡើងក្រោមការសាទរយ៉ាងក្លៀវក្លាពីឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងលោក Kanhiya Gurjar ប្រធានសហព័ន្ធកីឡាគ្រីឃីតឥណ្ឌា រួមទាំងមន្ត្រីសំខាន់ៗជាច្រើនរូបទៀត។
លោក សេន វិទ្យា ប្រធានសមាគមកីឡាគ្រីឃីតកម្ពុជាគូសបញ្ជាក់ថា អ្វីដែលក្រុមកីឡាគ្រីឃីតកម្ពុជាទទួលបានពីការប្រកួតនេះ គឺបទពិសោធ បច្ចេកទេស ក៏ដូចជាររៀបរបបនៃការលេងកាន់តែច្បាស់លាស់ ជាពិសេសសមាគមនឹងបន្តជំរុញលើប្រភេទកីឡាគ្រីឃីតសម្រាប់ជនពិការឲ្យបានរឹងមាំផងដែរ តាមរយៈការនាំយកគ្រូបង្គោលផ្នែកកីឡានេះផងដែរ។ ជាមួយគ្នានោះ ប្រធានសហព័ន្ធកីឡាគ្រីឃីតឥណ្ឌាសន្យាជួយលើកីឡាគ្រីឃីត និងប្រភេទកីឡាផ្សេងទៀត រួមទាំងកីឡាជនពិការទៀតផង ដូចជាផ្នែកបច្ចេកទេស ទីលានប្រកួត និងសម្ភារឧបករណ៍ផងដែរ។
ប្រធានសមាគមរូបនេះបន្ថែមថា ប្រភេទកីឡាគ្រីឃីតឥណ្ឌា គឺមានសក្តានុពលខ្ពស់ ហើយបានមកចូលរួមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមគ្រីឃីតកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ បច្ចេកទេស ក៏ដូចជារឹតចំណងសាមគ្គីភាព មិត្តភាពឲ្យកាន់តែល្អប្រសើរ។
លោក សេន វិទ្យា ប្រធានសមាគមកីឡាគ្រីឃីតកម្ពុជា ការរៀបចំការប្រកួតនេះ គឺជាដើរស្របគ្នានៃគោលដៅអភិវឌ្ឍវិស័យកីឡាគ្រីឃីតកម្ពុជា ដែលនៅក្មេងខ្ចីនៅឡើយ ឲ្យបានរីកចម្រើន។ បើទោះបីជាសមាគមរបស់កត្រូវបានបង្កើតឡើងមិនទាន់ដល់១ឆ្នាំក្តី ក៏សមាគមកំពុងតែខិតខំការបណ្តុះបណ្តាលធនធានកីឡាគ្រីឃីតទាំងសម្រាប់ជនពិការ និងមិនពិការឲ្យដើរឆ្ពោះទៅមុខសម្រាប់ជាតិ និងត្រៀមចូលរួមប្រកួតអន្តរជាតិ។
លោក Kanhiya Gurjar ប្រធានសហព័ន្ធកីឡាគ្រីឃីតឥណ្ឌា និងជានាយកប្រតិបត្តិសហព័ន្ធកីឡាគ្រីឃីតអន្ដរជាតិបានបង្ហាញឆន្ទៈគាំទ្រ ក្នុងការជួយអភិវឌ្ឍគ្រីឃីតកម្ពុជា និងគ្រីឃីតប៉ារ៉ាឡាំពិកឲ្យរីកចម្រើន៕ ចាន់ វិចិត្រ










