ករណីឆ្លងអុតស្វាកើនដល់ ៥០រដ្ឋ ខណៈដែលអ្នកជំនាញជំងឺឆ្លងកំពូលអាមេរិកនឹងចុះចេញពីតំណែងនៅខែធ្នូ
វ៉ាស៊ីនតោន៖ គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ទិន្នន័យថ្មីពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានបង្ហាញថា ជំងឺអុតស្វាបានឆ្លងរីករាលដាលទៅដល់រដ្ឋចំនួន ៥០ របស់សហរដ្ឋអាមេរិកហើយ។
ស្របពេលជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៊ី ដែលជាអ្នកជំនាញខាងជំងឺឆ្លងកំពូលអាមេរិក បានប្រកាសនឹងចុះចេញពីតំណែងរបស់ខ្លួន ដែលគ្រប់គ្រងវិទ្យាស្ថានជាតិនៃអាឡែរហ្សី និងជំងឺឆ្លង និងក្នុងនាមជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តដល់សេតវិមាននៅចុងឆ្នាំនេះផងដែរ។
វេជ្ជបណ្ឌិត ហ្វាវស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា ខ្ញុំនឹងចាកចេញពីតួនាទីទាំងនេះនៅខែធ្នូឆ្នាំនេះ ដើម្បីចាប់ផ្តើមជំពូកបន្ទាប់ នៃអាជីពរបស់ខ្ញុំ ដោយហៅតួនាទីនេះថា កិត្តិយសពេញមួយជីវិត។
ទន្ទឹមគ្នា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសរសើរលោកវេជ្ជបណ្ឌិត ហ្វាវស៊ី នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយនិយាយថា មិនថាអ្នកបានជួបគាត់ផ្ទាល់ ឬអត់ ប៉ុន្តែគាត់មានឥទ្ធិពលលើជីវិតប្រជាជនអាមេរិកទាំងអស់ ជាមួយនឹងការងាររបស់គាត់។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសេវាកម្មសាធារណៈរបស់គាត់។ សហរដ្ឋអាមេរិកកាន់តែរឹងមាំ ធន់ និងសុខភាពកាន់តែល្អជាងដោយសារគាត់៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា



