គណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងក្រសួងកសិកម្ម ដែលបានផ្តល់ការគ្រាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគកសិឧស្សាហកម្មរបស់វៀតណាម នៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ដឹកនាំ ដោយ ឯកឧត្តម Le Thanh Hung អគ្គនាយក VRG បានចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ។

លោក Le Thanh Hung បានរាយការណ៍ពីវឌ្ឍនភាព និងលទ្ធផលសម្រេចបានគួជាទីមោទនដែលក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម បានបោះទុនវិនិយោគលើការដាំដុះដំណាំកៅស៊ូ និងកសាងរោងចក្រនៅកម្ពុជាកន្លងមក។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២១ សម្ព័ន្ធកៅស៊ូវៀតណាមបានសម្រេចផលិតជ័រកៅស៊ូចំនួន ១០ម៉ឺន ៩ពាន់ ៥២៦តោន ហើយនៅបំណាច់ឆ្នាំ២០២២ មានក្តីសង្ឃឹមថា នឹងសម្រេចបានចំនួន ១៤ម៉ឺនតោន។

ជាមួយគ្នានេះ លោក Le Thanh Hung បានថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ការគ្រាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគកសិឧស្សាហកម្មរបស់វៀតណាម នៅព្រះរាជាណាចក្រកម្ពុជាកន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាមគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ និងបានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ដែលបានខិតខំបណ្តាក់ទុនធ្វើការវិយោគនៅកម្ពុជា រហូតទទួលបានជោគជ័យដ៏ល្អប្រសើរ ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជាគឺ៖១) រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា , ២) បានបង្កើតការងារដល់ប្រជាជននៅតំបន់ជនបទចំនួន ២០ ០០០នាក់នៅក្នុងឆ្នាំ២០២២នេះ ពិសេលតាមបណ្តាតំបន់ដែលក្រុមហ៊ុនកំពុងវិនិយោគ, ៣) ដំណាំកៅស៊ូបានចូលរួមចំណែកបង្កើនគម្របដីប៉ៃតងយ៉ាងឆាប់រហ័សនៅកម្ពុជា, ៤) បានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ។ ទន្ទឹមនឹងសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ ឯកឧត្តមរដ្ឋមន្រ្តី មានក្តីសង្ឃឹមថាសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម នឹងបន្តខិតខំសហការការងារលើការគ្រប់គ្រងដំណាំកៅស៊ូ និងខ្សែសង្វាក់ផលិតកម្ម ឲ្យកាន់តែបានល្អប្រសើរថែមទៀតជាមួយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា នាពេលខាងមុខ ។

ក្នុងគោលបំណងឲ្យភាគីកម្ពុជាបានស្វែងយល់ពីដំណើរការវិវត្តនៃកសិឧស្សាហកម្មរបស់សម្ព័ន្ធកៅស៊ូវៀតណាម នាប៉ុន្មានឆ្នាំចុងក្រោយនេះនៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Le Thanh Hung បានស្នើសុំអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចជាផ្លូវការ នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្ត ប៊ិន ភឿក ប្រទេសវៀតណាម ដើម្បីបានស្វែងយល់ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យកៅស៊ូរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរថែមទៀត។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុ បានទទួលយកសំណើរ និងពិនិត្យពេលវេលាសមស្របណាមួយដើម្បីធ្វើទស្សនកិច្ច នាពេលខាងមុខ ៕ សេឌី

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner