ពលរដ្ឋមួយចំនួន នៅតំបន់ រមណីយដ្ឋានអង្គរ ពេញចិត្ដការចាកចេញទៅតាំងទីលំនៅកន្លែងផ្សេង
សៀមរាប៖ ប្រជាពលរដ្ឋមួយចំនួននៅសង្កាត់ទឹកវិល ក្រុងសៀមរាប បានសហការល្អជាមួយក្រុមការងារតម្រង់ទិស ក្នុងការវាស់វែងកំណត់ព្រំដីរបស់ខ្លួនក្នុងតំបន់អាជ្ញាធរជាតិអប្សរា ហើយពួកគាត់ព្រមចាកចេញទៅកន្លែងផ្សេង បើសិនអាជ្ញាធរត្រូវការចំបាច់ក្នុងដោះដូរចេញពីតំបន់ឧទ្យានអង្គរ។
ប្រជាពលរដ្ឋនៅភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ជាប់ទំបន់បារាណ៍ខាងលិច បានឱ្យដឹងស្រដៀងគ្នានៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២នេះថា ពួកគាត់រស់នៅក្នុងភូមិនេះតាមរយៈការផ្ទេរកេរមរតកដីធ្លីពីឪពុកម្ដាយក្រោយឆ្នាំ១៧៧៩ ហើយអ្នកខ្លះមកដល់ពេលនេះប្រជាពលរដ្ឋខ្លះរស់នៅជាង១០ឆ្លាំខ្លះទៀតរស់នៅជាង៤០ឆ្នាំមកហើយ ដោយមិនបានទិញពីក្រុមឈ្មួញនោះទេ ។
ពួកគាត់បន្ដថា អ្នកភូមិខ្លះមានតែដីផ្ទះនិងខ្លះទៀតមានដីស្រែនិងផ្ទះ ប៉ុន្ដែបើសិនជាការរស់នៅក្នុងតំបន់អង្គរនោះ មានតម្រូវការឱ្យដោះដូរ ពួកគាត់ពេញចិត្ដតាមការផ្ដល់ដីពីអាជ្ញាធរឱ្យទៅរស់នៅកន្លែងផ្សេង ប៉ុន្ដែមានភាពសមស្របណាមួយដើម្បីឱ្យពួកគាត់មានមុខរបរ ការបង្ករបង្កើនផលចិញ្ចឹមជីវិតគ្រួសារប្រកបដោយមោទនៈភាព។ ពួកគាត់បន្ដថា ពួកគាត់ពេញចិត្ដការវាស់វែងកំណត់ព្រំដីរបស់ពួកគាត់ដើម្បីឱ្យស្គាល់ច្បាស់និងដឹងឮពីអាជ្ញាធរ ។
ទោះជាយ៉ាងណា ទាក់ទងករណីនេះ មិនទាន់អាចទាក់ទងក្រុមការងារមន្ដ្រីតម្រង់ទិសដែលបានចុះវាស់វែងកំណត់ក្បាលដីនៅតំបន់រណីយដ្ឋានអង្គរបាននៅឡើយទេ។
សូមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រុមមន្ត្រីចំនួនជិត៨០០នាក់ មកពីក្រសួងស្ថាប័នចំនួន៣ បានចាប់ផ្តើមចុះប្រមូលទិន្នន័យ កំណត់និយាមការ លើសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។យុទ្ធនាការនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ។
នៅដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាសសាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀតដែលបានរំលោភបំពាន ក្នុងតំបន់ការពារ នៃរមណីយដ្ឋានអង្គរ។ សំណង់ខុសច្បាប់អស់ទាំងនេះ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយផ្ទាល់ខ្លួន។ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បន្តចាត់វិធានការទប់ស្កាត់ការសាងសង់ រុះរើសំណង់ខុសច្បាប់ ហាមឃាត់ការទិញលក់ដីនិងផ្ទះគ្រប់ប្រភេទ និងមិនផ្តល់លិខិតគតិយុត្តិផ្សេងៗ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ជាដាច់ខាត ។
យោងតាមរបាយការណ៍របស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ដោយសារកំណើននៃសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានអង្គរ មានការកើនឡើងខ្លាំងនោះ ចាប់តាំងពីឆ្នាំ២០១៧មក កម្ពុជាបានទទួលលិខិតព្រមាន និងស្នើសុំឲ្យបកស្រាយចំនួន ២ដង ពីសំណាក់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ។ បច្ចុប្បន្នសំណង់ខុសច្បាប់នៅក្នុងរមណីយដ្ឋានមានចំនួន ៨៤៤៨ករណី។ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានហៅសំណង់ខុសច្បាប់ទាំងនោះថា ជាសំណង់ដ៏គួរឲ្យខ្មាសអៀន ៕ ដោយ ស៊ាន សុផាត




