ការវាស់វែងក្បាលដីក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល ៦ថ្ងៃកម្លងមកនេះ គឺសម្រេចបានជាង ៤ម៉ឺនហិកតាហើយ

សៀមរាប៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានអះអាងថា ក្រុមការងារបច្ចេកទេសនៃការវាស់វែងក្បាលដីក្នុងតំបន់រមណីយដ្ឋានអង្គរ បានសម្រេចលទ្ធផលនៃការវាស់វែងដី បានជាង ៤ម៉ឺនហិកតាហើយ ក្នុងរយៈពេល ៦ថ្ងៃនេះ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ បានបង្ហាញនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះថា ការអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្ដីពីការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចាត់បញ្ចូនក្រុមការងារបច្ចេកទេសចំនួន ៦៨ ក្រុម មានមន្ត្រីជំនាញសរុបចំនួន ៧៨១ រូប ចុះសហការជាមួយមន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន ៣៥២រូប ដោយមានការសហការ ជាមួយមន្ត្រីមូលដ្ឋានថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ នឹងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

សេចក្ដីប្រកាសដដែលបានបន្ដថា ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារបច្ចេកទេស វាស់វែងក្បាលដីបានចំនួន ២០០៣១ ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២ ៣១៥ក្បាលដី ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ក្បាលដី ក្នុងទំហំសរុប ៤០ ១១៨ហិកតានៃទីតាំងទាំងបីដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានោះ ក្រុមការងារបច្ចេកទេសបានរកឃើញអ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ ប្រជាពលរដ្ឋស្ម័ត្រចិត្តរុះរើតួបលក់ដូរសរុបចំនួន ៤៤តូប ក្នុងនោះ ៣៤តូបលក់វត្ថុអនុស្សាវរីយ៍ ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង ១០ជួរ ស្មើ ៧៩ខ្ចុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក។

លិខិតដដែលបានបន្ថែមថា ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩គ្រួសារ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក ក្នុងនោះ ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ និងត្រូវចូលរួមចាប់ឆ្នោតទទួលយកដីឡូត៍នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨ និង ៣០ នាទីព្រឹក នៅសាលាខេត្តសៀមរាប ៕ ដោយ ស៊ាន សុផាត

ads banner