ក្រុមចោរឆក់ទូរស័ព្ទតាមផ្លូវមាត់ទន្លេ ត្រូវនគរបាលក្រុងតាខ្មៅ ក្របួចជាប់
កណ្តាល៖ ក្រុមចោរឆក់ទូរស័ព្ទពីអ្នកធ្វើដំណើរ តាមផ្លូវមាត់ទន្លេ អស់លក្ខត្រូវនគរបាលក្រុងតាខ្មៅដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ក្របួចជាប់បានភ្លាមៗតែម្តង ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២១និង១០នាទី នៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ នូ សុម៉ារតី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន ។
ជនសង្ស័យចំនួន ២នាក់ ទី១ឈ្មោះ ផុន នី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ នួន សុខា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
នៅពេលវេលានិងទីកន្លែងកើតហេតុខាងលើជនរងគ្រោះឈ្មោះ នូ សុម៉ារតី ភេទស្រី អាយុ៣០ឆ្នាំ បានជិះម៉ូតូតែម្នាក់ឯងចេញពីផ្ទះទៅរកទិញអីហូបនៅម្តុំសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន អនុវត្តន៍ ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ដោយជនរងគ្រោះបានទុកទូរស័ព្ទដៃម៉ាកiPHONE XS MEX ប្តូរសំបក ១៣ BRO MEXពណ៌ខៀវ នៅក្នុងហោប៉ៅខោខាងមុខ រួចមកដល់របងសាលាអនុវត្តន៍ផ្លូវបែកជាបួន ជនរងគ្រោះបង្អង់ម៉ូតូ ក៏ស្រាប់តែមានជនសង្ស័យ ២នាក់ខាងលើជិះម៉ូតូ ១គ្រឿង ម៉ាក HONDA C125 ឆ្នាំ២០២២ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1JQ-2072 មកដល់ ម្នាក់ជិះម៉ូតូនៅខាងក្រោយបានចុះពីលើម៉ូតូដើរមកដល់លូកយកទូរស័ព្ទនៅក្នុងហោប៉ៅខោជនរងគ្រោះរួចឡើងជិះម៉ូតូគេចខ្លួនតែត្រូវបានជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយបុកដួលទាំងអស់គ្នាតែម្តង បន្ទាប់មកជនសង្ស័យទាំងពីរនាក់ បាននាំគ្នារត់តែត្រូវបានជនរងគ្រោះស្រែកថាចោរៗ បានប្រជាជនដេញចាប់បានរួមទាំងវត្ថុតាងប្រគល់ជូនសមត្ថកិច្ចយកមកសួរនាំនៅអធិការនគរបាលក្រុងតាខ្មៅ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលូកយកទូរសព្ទដៃរនរងគ្រោះខាងលើប្រាកដមែន និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ ឆ ដា


