ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានដែលបានចូលរួមចាប់ឆ្នោតទទួលយកដីឡូត៍របស់ខ្លួន បង្ហាញពីអារម្មណ៍សប្បាយរីករាយ

សៀមរាប៖ ប្រជាពលរដ្ឋដែលបានតាំងទីលំនៅដោយខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរជិត៧០០គ្រួសារ រស់នៅភូមិទក្សិណត្បូង ភូមិត្រពាំងសេះបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួនទៅតាំងលំនៅឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិ រុនតាឯក ស្រុកបន្ទាយស្រី តាមរយៈការចាប់ឆ្នោតទទួលយកដីឡូត៍ថ្មីដែលផ្តល់ដោយរាជរដ្ឋាភិបាល។ ពិធីចាប់ឆ្នោតបាន ប្រព្រឹត្តទៅ នៅសាលាខេត្តសៀមរាប កាលព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ។

អ្នកស្រី ញ៉ែម តេងតង មុខរបរគ្រូបង្រៀនភាសាអង់គ្លេស និងជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ដែលបានមកចូលរួម ចាប់ឆ្នោតយកដីឡូត៍របស់ខ្លួន បានបង្ហាញពីអារម្មណ៍សប្បាយរីករាយរបស់អ្នកស្រី ដោយសារអ្នកស្រីក៏ចង់ចូលរួមអភិរក្ស តំបន់រមណីយដ្ឋានអង្គរដែរ។អ្នកស្រីបញ្ជាក់ថាប្រសិនបើយើងជាប្រជាពលរដ្ឋមករស់នៅតំបន់ប្រាសានេះច្រើនគឺមិនសូវល្អនោះទេ។

ចំណែក លោក ស៊ា ស៊ុម ឯណោះវិញបានប្រាប់អ្នកយកព័ត៌មានយើងដោយបានសំដែងនូវការសប្បាយរីករាយដែល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ធ្វើការដោះស្រាយការទីតាំងលំនៅថ្មីរបស់លោកក៏ដូចជាប្រជាពលរដ្ឋដទៃទៅកាន់ទីកន្លែងស្របច្បាប់និងបានផ្តល់កម្មសិទ្ធដល់លោកទៀតផង។លោកបញ្ជាក់ថា លោកនិងប្រពន្ធកូន សុខចិត្តស្ម័គ្រចិត្តទៅដោយមិនមានការតវ៉ានោះទេ។

ក្នុងពេលចាប់ឆ្នោតដែលប្រព្រឹត្តទៅដោយតម្លាភាពនោះ អ្នកស្រី គង់ សាមឿន ប្រជាពលរដ្ឋមកពីភូមិត្រពាំងសេះ បានបង្ហាញពីអារម្មណ៍រីករាយ បន្ទាប់ពីបានចាប់ឆ្នោតទទួលយកដីឡូត៍ទៅរស់នៅតំបន់ថ្មី។ អ្នកស្រីបន្ថែមថាជាមួយនឹង ការតាំងទីលំនៅថ្មីដែលស្របច្បាប់ អ្នកស្រីចង់ធ្វើផ្ទះនិងបើកកន្លែងរកស៊ីបន្តទៀតដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

លោក ហាយ យុង តំណាងក្រុមការងារតម្រង់ទិសនៃក្រុមការងារវាស់វែងដីក្នុងតំបន់អង្គរ បានបញ្ជាក់ថា គោលការណ៍ផ្ដល់ដីដំបូងដល់ប្រជាពលរដ្ឋមានចំនួនជិត ៧០០គ្រួសារនេះ គឺពួកគាត់បានស្ម័គ្រចិត្ដទទួលយកក្បាលដីទីតាំងថ្មី បន្ទាប់ពីបានវាស់វែងរកឃើញថា ពួកគាត់សាងសង់លំនៅឋាននៅលើដីតំបន់អង្គរគ្មានច្បាប់អនុញ្ញាត។ លោកបន្តថា មានប្រជាពលរដ្ឋមួយចំនួនមិនព្រមទទួល និងមួយចំនួនមិនទាន់រកម្ចាស់ឃើញ ដោយមានតែផ្ទះ។

គួរបញ្ជាក់ថា យុទ្ធនាការចុះវាស់វែង ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ ខែសីហាកន្លងទៅនេះ ក្រុមការងារបច្ចេកទេសបានសម្រេចលទ្ធផល- វាស់វែងក្បាលដីបានចំនួន ២០ ០៣១ ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២.៣១៥ ក្បាលដី , ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០ ១១៨ ហិកតានៃទីតាំង , បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩ គ្រួសារ ក្នុងនោះ ចំនួន ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ចំនួន ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ បានស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក និងប្រជាពលរដ្ឋដែលសាងសង់តូបលក់វត្ថុអនុស្សាវរីយ៍ខុសច្បាប់ចំនួន ៤៤ តួប បានស្ម័ត្រចិត្តរុះរើ ក្នុងនោះមាន ៣៤ តួប ស្ថិតនៅលើខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង ចំនួន១០តូប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ៕ ដោយ៖ ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner