តំណាងកម្មវិធី Miss Grand Cambodia បំភ្លឺបន្ទាប់ពីមានប្រតិកម្ម

ភ្នំពេញ៖ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ មានមន្ត្រីនិងពលរដ្ឋមួយចំនួនបានប្រតិកម្មទៅនឹងការដែលយកសន្លឹកបៀរធ្វើជាតំណាងក្រុងនេះ ដែលបានសម្តែងរួចហើយនៅក្នុងកម្មវិធី Miss Grand Cambodia ដែលផ្សាយក្នុងទូរទស្សន៍ និងបណ្តាញសង្គមកាលពីយប់ថ្ងៃទី២៤ខែសីហា។

លោក ញឹម ផឿង នាយករដ្ឋបាលក្រុងប៉ោយប៉ែតបញ្ចេញប្រតិកម្មនាថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ ថាក្នុងនាមជាប្រជាពលរដ្ឋមួយរូបក្នុងក្រុងប៉ោយប៉ែត សូមសម្ដែងនូវការមិនពេញចិត្ត និងមិនអាចទទួលបានចំពោះកម្មវិធី Miss Grand Cambodia ដែលសំដែងដោយកញ្ញា យី ស្រីពៅ ដែលបានយកសន្លឹកបៀរ បង្ហាញជាតំណាងឲ្យក្រុងប៉ោយប៉ែត ក្នុងការប្រកួត ។

បន្ទាប់ពីមានប្រតិកម្ម ក្រុមហ៊ុនដែលរៀបចំកម្មវិធីបានធ្វើការបំភ្លឺនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២២។

សេចក្តីបំភ្លឺបានបញ្ជាក់ថា ក្រុមការងារទទួលបន្ទុករៀបចំព្រឹត្តិការណ៍ «កញ្ញាឯកដ៏អសា្ចរ្យនៃកម្ពុជាឆ្នាំ២០២២ – Miss Grand Cambodia 2022» មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ពិសេសក្រសួង ស្ថាប័នពាក់ព័ន្ធ មេត្តាជ្រាបថា កាលពីថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ព្រឹត្តិការណ៍ «កញ្ញាឯកដ៏អសា្ចរ្យនៃកម្ពុជា ឆ្នាំ២០២២ – Miss Grand Cambodia 2022» បានបង្ហាញឈុតតំណាងរាជធានី-ខេត្តនៅការរចនាម៉ូតសម្លៀកបំពាក់ដែលលើកឡើងអត្តសញ្ញាណតំបន់នីមួយៗ ដោយមានការពេញចិត្ត និងគាំទ្រជាច្រើនពីសាធារណជននូវឈុតរបស់កញ្ញាឯកដែលបានឆ្នៃម៉ូតលើកយកអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូរបស់ខ្មែរ។

ចំពោះឈុតសម្តែងតំណាងឱ្យក្រុងបាវិត និងក្រុងប៉ោយប៉ែត ត្រូវបានក្រសួង ស្ថាប័ន និងសាធារណជនមានការប្រតិកម្មនៅក្នុងបណ្តាញសង្គមយ៉ាងច្រើនចំពោះការច្នៃម៉ូត និងការសម្តែង ដែលធ្វើឱ្យប៉ះពាល់ដល់សាវតារ ទំនៀមទម្លាប់ ប្រពៃណី កិត្តិយស និងសេចក្តីថ្លៃថ្លូររបស់តំបន់ និងប្រជាជនខ្មែរ ដែលកើតឡើងដោយសារមិនបានធ្វើការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ខ្វះការត្រួតពិនិត្យ និងពិគ្រោះយោបល់ជាមុន ជាមួយអ្នកជំនាញ និងស្ថាប័នពាក់ព័ន្ធ។

ដើម្បីកុំឱ្យមានបញ្ហានេះបន្តកើតមានឡើងជាថ្មីម្តងទៀត យើងខ្ញុំសម្រេចដកឈុតទាំងពីរចេញពីការប្រកួត និងសូមសន្យាថានឹងគោរពតាមក្រមសីលធម៌ គោលការណ៍ណែនាំ និងការចង្អុលបង្ហាញរបស់ក្រសួង ស្ថាប័ន មានសមត្ថកិច្ច សំដៅចូលរួមថែរក្សា និងលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូផង់របស់សង្គមជាតិ។

យើងខ្ញុំសូមសម្តែងនូវការសោកស្តាយនូវរាល់កំហុសឆ្គងដែលបានកើតមានឡើង និងសូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ពិសេសក្រសួង ស្ថាប័នពាក់ព័ន្ធ មេត្តាជ្រាប និងសណ្តោសប្រណី ដោយក្តីអនុគ្រោះបំផុត។

សូមរំលឹកថា ការប្រកួតMiss Grand Cambodia 2022 កាលពីយប់២៤ ខែសីហា ឆ្នាំ២០២២ ដែលផ្សាយក្នុងទូរទស្សន៍និងបណ្តាញសង្គម នារីដែលស្លៀកនិងសម្តែងជានារីឈុតតំណាងឲ្យក្រុងប៉ោយប៉ែត និងក្រុងបាវិតដែលបានបង្ហាញ នូវនារីស្លៀកឈុតតំណាងក្រុង ដោយច្នៃបង្ហាញពីសន្លឹកបៀរនិង រូបមេអាប៉ោងនៃល្បែងសុីសងនៅក្នុងកាសុីណូ ៕ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner