សម្លម្ជូរដើមចេកព្រៃ ជាម្ហូបប្រចាំត្រកូល និង ពេញនិយមនៅតំបន់ទឹកធ្លាក់អូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ អ្នកទេសចរដែលបានទៅកម្សាន្តទឹកធ្លាក់អូរជាំ ដែលជារមណីយដ្ឋានល្បីឈ្មោះ និង ជាទីពេញនិយមមួយនៅ ស្រុកសំឡូត ខេត្ត បាត់ដំបង សូមកុំភ្លេចភ្លក្សរសជាតិនៃ«សម្លម្ជូរដើមចេកព្រៃ»ប្រចាំតំបន់មួយនេះ។

«សម្លម្ជូរដើមចេកព្រៃ»ជាមួយនឹងកូនត្រីធម្មជាតិត្រូវបានគេដឹងថា ៖ ជាមុខម្ហូបតាំងតែពីយូរលង់មកហើយ ប្រចាំតំបន់មួយនេះ កំពុងត្រូវបានប្រជាសហគមន៍យកមកធ្វើជាមុខម្ហូបប្រចាំតំបន់ ហើយក៏ជាមុខម្ហូបកំពុងមានឈ្មោះបោះសម្លេងប្រចាំទីកន្លែងមួយនេះផងដែរ។

ប្រជាសហគមន៍ដែលជាអ្នកស្លរ«សម្លម្ជូរដើមចេកព្រៃ»មួយរូបប្រចាំតំបន់ទឹកធ្លាក់អូរជាំ លោក ឈឿន ឈីន បានឱ្យដឹងថា៖បច្ចុប្បន្នបើនិយាយពីមុខម្ហូប «សម្លម្ជូរដើមចេកព្រៃ»ត្រូវបានអ្នកទេសចរមកកម្សាន្តទីនេះតែងភ្លក្សមិនដែលខាន។វាជាមុខម្ហូបតាំងតែពីសម័យបុរាណមក ប៉ុន្តែនៅតែពេញនិយមបរិភោគ។ «សម្លម្ជូរដើមចេកព្រៃ»មានរស់ជាតិដើមឆ្ងាញ់ ហើយសុទ្ធសឹងជាបន្លែ និងសាច់ពីធម្មជាតិសុទ្ធសាធ។

បុរស ចុងភៅ ធ្វើម្ហូបលក់ជូនភ្ញៀវទេសចរ រូបនេះបានរៀបរាប់ប្រាប់ថា ពលរដ្ឋតំបន់នេះនិយមបរិភោគសម្លរម្ជូរចេកព្រៃ ដោយសារតំបន់នេះសម្បូរដោយចេកព្រៃ ហើយគេងាយរកបំផុត ពីព្រោះលើភ្នំទឹកធ្លាក់អូរជាំ ទីកន្លែងណាក៏មានដុះដើមចេកព្រៃដែរ ពោលគឺចេកព្រៃដុះតាំងតែពីកំពូលភ្នំរហូតដល់ជើងភ្នំ។ ពេលធ្វើម្ហូបម្តងៗគឺអ្នកស្រុកគ្រាន់តែដើរទៅរកកាប់មួយភ្លែតគឺអាចធ្វើម្ហូបពីដើមចេកពីធម្មជាតិមូយនេះបានហើយ។

បុរសវ័យ៤០ឆ្នាំរូបនេះបានប្រាប់ថា “ពេលទៅកាប់ចេកព្រៃគឺគេយកតែបណ្តូលខ្ចីពីដើមវាទេ គេសកហើយយកមកចិតស្លរដូចដើមចេកស្រុកយើងដែរ។ទោះបីយ៉ាងណាបើនិយាយពីរស់ជាតិវិញដើមចេកព្រៃខុសពី ដើមចេក ស្រុកយើង ហេតុនេះនៅពេលបានភ្លក្សគឺនឹងជាប់ចិត្តចង់ភ្លក្សទៅថ្ងៃក្រោយទៀត”។

ទាក់ទិនក្នុងរឿងនេះ លោក គឹម សុង ប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូរជាំបានឱ្យដឹងថា៖ភ្ញៀវទេសចរ អាចភ្លក្សរស់ជាតិម្ហូបប្លែកៗប្រចាំតំបន់នេះបានដូចជា៖ ម្ជូររចេកព្រៃ ឆា ក្រវាញ មាន់ដុត ចេកព្រៃ និង ម្ហូបប្លែកៗពីអនុផលព្រៃឈើ ដែលមានរស់ជាតិឆ្ងាញ់ពិសារ។

លោក ប្រធានសហគមន៍រូបនេះបានឱ្យដឹងបន្ថែមថា៖ ដើមចេកព្រៃនៅតំបន់ធ្លាក់អូរជាំសម្បូរណាស់ ម្ល៉ោះហើយទើបអ្នកស្រុកចេះកែច្នៃពីដើមចេកមកធ្វើម្ហូបបានច្រើនមុខ។ចេកព្រៃនេះទាំងស្លឹក ដើម ឬស ផ្លែ គឺត្រូវអ្នកស្រុក បានយកដើមវាមកធ្វើម្ហូប ផ្លែធ្វើឱសថ និង ស្លឹក វេចខ្ចប់ធ្វើនំបានច្រើនយ៉ាងណាស់។

គួរបញ្ជាក់ថាទឹកធ្លាក់អូរជាំ គឺជារមណីយដ្ឋានធម្មជាតិមួយដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្តបាត់ដំបង មានចម្ងាយ ៨០ គឺឡូម៉ែត្រពីទីរួមខេត្ត ស្ថិតនៅក្នុងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។

រមណីយដ្ឋានកម្សាន្ត បែបធម្មជាតិមួយនេះបច្ចុប្បន្នបានស្រូបទាញអ្នកទេសចរមកពីគ្រប់ទិសទីឱ្យចូលកម្សាន្ត ក្នុងនេះរាប់ទាំងភ្ញៀវបរទេសថែមទៀត។ដោយសារតែអំណោផលពីភូមិសាស្រ្តបានធ្វើសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំមិនត្រឹមតែជាទីតាំងភូមិសាស្រ្តកម្សាន្តទេ នៅជាកន្លែងដាំដុះដំណាំកសិកម្មរបស់ប្រជាសហគមន៍យ៉ាងសម្បូរបែបទៀត។

កាលបើអ្នកទេសចរទៅកម្សាន្តទឹកធ្លាក់អូរជាំត្រូវធ្វើដំណើរដោយថ្មើរជើងឡើងទៅលើពីមួយតំណាក់ទៅមួយតំណាក់ដោយឆ្លងកាត់ជ្រលងដងអូរ ដើមឈើតូចធំ ផ្ទាំងថ្ម ជំរាលភ្នំនិងពិសេស ទឹកធ្លាក់ប្រណេញគ្នាធ្លាក់មកក្រោមដែលគេអាចកម្សាន្ត ដោយការងូតទឹក ថតរូប ឬសម្រាកលំហែតាមផ្លូវដោយក្តីសប្បាយរីករាយ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner