អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា ៖ របាយការណ៍របស់អ្នករាយការពិសេស អ.ស.ប អត់បានឆ្លុះបញ្ចាំងការពិតនៅកម្ពុជា និងមិនមានតុល្យភាព
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា បានហៅរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ទទួលបន្ទុកសិទ្ធិមុស្សនៅកម្ពុជាដែលនិយាយអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺមិនបានឆ្លុះបញ្ចាំងនៅអ្វីដែលជាការពិតនៅកម្ពុជានោះទេ និងមិនមានតុល្យភាព។ជាការដោយអារម្មណ៍ផ្ទាល់ខ្លួននិងហាក់ដូចជាកំពុងតែអនុញ្ញាតឱ្យក្រុមសកម្មជនដែលលាក់មុខនៅក្រោមស្លាកសង្គមស៊ីវិលប្រើមាត់របស់ខ្លួនដើម្បីនិងរិះគន់វាយប្រហារមកលើសមទ្ធិផលជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកសួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជាបាននិយាយថា បន្ទាប់ពីបានអាននៅសេចក្តីរាយការណ៍ររបស់អ្នករាយការណ៍ពិសេសអ.ស.ប ទទួលបន្ទុកសិទ្ធិមុស្សនៅកម្ពុជា អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺអត់បានឆ្លុះបញ្ចាំងនូវអ្វីជាការពិតដែលមាននៅកម្ពុជានោះទេ និងមិនមានតុល្យភាព។ការសរសេររបាយការណ៍នេះ គឺកំណត់ដោយអារម្មណ៍ផ្ទាល់ខ្លួន និងហាក់ដូចជា កំពុងតែអនុញ្ញាតឱ្យក្រុមសកម្មជនដែលលាក់មុខនៅក្រោមស្លាកសង្គមស៊ីវិលប្រើមាត់របស់ខ្លួនដើម្បីនិងរិះគន់វាយប្រហារមកលើសមទ្ធិផលជាក់ស្តែងដែលរាជរដ្ឋាភិបាលកម្ពុជាខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ ហើយអ្នករាយការណ៍ពិសេសបានទាត់ចោលទាំងស្រុងនៅអ្វីដែលខ្លួនបានជួប និងទទួលបានខ្លឹមសារជាធាតុផ្សំអំពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា អំពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោកបន្តថា អ្វីដែលពួកគេបានលើកឡើងនៅក្នុងរបាយការណ៍នេះ វាបង្ហាញតែមួយជ្រុងនៃការលើកឡើងក្នុងចេតនាវ៉ៃប្រហារបង្អាប់រាជរដ្ឋាភិបាល ដែលក្រុមសកម្មជនលាក់មុខក្រោមស្លាកសង្គមស៊ីវិលទាំងអស់នោះខិតខំធ្វើកន្លងមកដើម្បីបំពេញនៅបេសកកម្មរបស់ពួកគេតាមដែលពួកគេទទួលលុយឧបត្ថម្ភមកពីបរទេស។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជារូបនេះបានបន្តតៀតតថា អ្វីដែលអ្នករាយការណ៍ពិសេសបានសរសេរនៅក្នុងរបាយការណ៍ គឺគាត់អត់មានស្គាល់ធាតុពិតនៅកម្ពុជាទេ បើទោះបីជារាជរដ្ឋាភិបាលខិតខំប្រឹងប្រែងសម្តែងនូវការយកចិត្តទុកដាក់ទទួលជួបពិភាក្សាជាមួយនឹងគាត់ និងអនុញ្ញាតឲ្យគាត់អាចជួបតំណាងសង្គមស៊ីវិល អង្គការ សមាគមនៅក្នុងប្រទេសកម្ពុជា ។ប៉ុន្តែគាត់ជួបតែក្រុមអង្គការ សមាគម និងសង្គមស៊ីវិល ដែលជាក្រុមសកម្មជននយោបាយលាក់មុខតែប៉ុណ្ណោះ។ ប៉ុន្តែសមាគម អង្គការ សង្គមស៊ីវិល ដែលឯករាជ្យពិតប្រាកដដែលធ្វើការនៅក្នុងប្រទេសកម្ពុជាដែរនោះ គឺថាគាត់មិនបានផ្តល់ឱកាសឲ្យគេជួប ឬក៏គាត់មិនបានព្យាយាមរកឱកាសស្វែងរកទស្សនៈមតិដែលយកមកដាក់ចូលជាធាតុផ្សំដើម្បីធ្វើឲ្យរបាយការណ៍នេះមានតុល្យភាពត្រឹមត្រូវនោះទេ។

លោកសួន សេរីរដ្ឋា បានបន្តថា ការលើកឡើងដដែលៗ ដែលភាសានេះ គឺជាភាសារបស់ក្រុមអ្នកនយោបាយរត់ចោលស្រុក គឺលើកឡើងដដែលៗថា កម្ពុជាកំពុងតែគ្រប់គ្រងអំណាចដោយឯកបក្ស ហើយភាសការគ្រប់ គ្រងដោយឯកបក្សនេះ មិនត្រឹមតែក្រុមពួកអ្នកនយោបាយប្រឆាំងដែលកំពុងរត់ចោលស្រុកទេ សូម្បីតែសង្គមស៊ីវិលដែលជាសកម្មជននយោបាយជ្រកក្រោមស្លាកសង្គមស៊ីវិលក៏គេប្រើភាសានេះនិយាយដដែលៗដែរ។ លោកមានការប្លែកពេលដែលតំណាងអ.ស.ប ដែលជាអ្នករាយការណ៍ពិសេសនោះ គាត់បានប្រើពាក្យនេះដូចគ្នា គឺចង្អុលចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថាជារដ្ឋាភិបាលដែលគ្រប់គ្រងដោយឯកបក្ស។ចំណុចនេះគឺបង្ហាញច្បាស់ថា គាត់អត់ស្គាល់អ្វីដែលហៅថាប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្សទេ។ រដ្ឋធម្មនុញ្ញកម្ពុជាបានសរសេរច្បាស់ណាស់ថា កម្ពុជាគឺអនុវត្តនៅរបបកម្ពុជាប្រជាធិបតេយ្យ សេរីពហុបក្ស គឺសំដៅទៅលទ្ធិប្រជាធិបតេយ្យដែលត្រូវកើតចេញអំពីការបោះឆ្នោតពីឆន្ទៈប្រជាពលរដ្ឋ។ ដូច្នេះយើងឃើញថា នៅគ្រប់រៀងរាល់៥ឆ្នាំម្តង គឺកម្ពុជាតែងតែរៀបចំការបោះឆ្នោតសកលថ្នាក់ជាតិ ដោយមានគណបក្សនយោបាយជាច្រើនបានចូលរួម។ នៅខែកក្កដាឆ្នាំ២០២៣ ក៏នឹងមានការបោះឆ្នោតដូចគ្នាអ៊ីចឹងដែរ។ កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅរដ្ឋសភា និងកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្នាក់មូលដ្ឋាន គឺអនុវត្តទៅតាមរបបប្រជាធិបតេយ្យ សេរីពហុបក្ស គឺមានគណបក្សច្រើនចូលរួមប្រកួតដោយសេរី និងយុត្តិធម៌ ដែលមានស្ថាប័ន គ.ជ.ប គឺជាស្ថាប័នឯករាជ្យទទួលរៀបចំការបោះឆ្នោតនេះ៕ ដោយៈ ពលជ័យ