ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ និងទិសដៅការងារបន្តក្នុងឆមាសទី២ ឆ្នាំ២០២២
កំពង់ឆ្នាំង ៖ នៅសាលាខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានធ្វើពិធីប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាប្រចាំឆមាសទី១ ឆ្នាំ២០២២ និងទិសដៅការងារបន្ត ដែលកម្មវិធីនេះបានធ្វើឡើង ក្រោមធិបតីភាព ឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងដោយ មានការចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។

នៅក្នុងពិធីខាងលើនេះ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍បូកសរុបប្រចាំឆមាសលើកទី១ ឆ្នាំ2022 និងអនុវត្តបន្ត ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងផងដែរ ។
នៅក្នុងរបាយការណ៍បានគូសបញ្ជាក់ថា ខេត្ត និងក្រុមការងារបានយក ចិត្តទុកដាក់ជំរុញការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ ពេលវេលា មានតម្លាភាព មានភាពរស់រាយរាក់ទាក់ ស្របតាមគោលការណ៍ណែនាំ និងកម្មវិធីកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ ។

ក្នុងនោះខេត្តក៏បានយកចិត្តទុកដាក់ជំរុញដល់ការផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយខេត្ត ការិយាល័យនិងយន្ត ការច្រកចេញចូលតែមួយ ក្រុង ស្រុក និងសាលា ឃុំ សង្កាត់ នៅក្នុងរបាយការណ៍ក៏បានលើកឡើងអំពីសកម្មភាពសំខាន់ៗនានា ដែលក្រុមការងាររាជរដ្ឋាភិបាល អនុវត្តបានលើគ្រប់វិស័យ នៅក្នុងខេត្តកំពង់ឆ្នាំង នៅក្នុងឆមាសទី២ឆ្នាំ២០២២នេះផងដែរ ។
បញ្ហាប្រឈម សកម្មភាពផ្សេងៗនៅក្នុងមូលដ្ឋានមានសកម្មភាពថយចុះច្រើនដោយសារការរីករាលដាលជំងឺកូវីដ១៩ ក្នុងនោះប្រជាពលរដ្ឋ អាជីវករខ្នាតតូចនិងមធ្យម ដែលបានខ្ចីលុយធនាគារដើម្បីធ្វើអាជីវកម្មមកដល់ពេលនេះប្រឈមនឹងប្រាក់ចំណូលមិនគ្រប់ គ្រាន់កាន់តែច្រើន មិនមានការប្រាក់បង់អោយធនាគារ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន នៅក្នុងពិធីខាងលើនេះដែរបានសំណូមពរដល់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុក ត្រូវជួយពន្លឿនការដោះស្រាយនូវសំណូមពរនានាដែលប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិកានេះ ។
ដោយសូមឱ្យជំនាញ និងភាគីពាក់ព័ន្ធទាំងអស់មានយន្តការដោះស្រាយសំណើសុំណូមពររបស់ប្រជាពលរដ្ឋដែល ស្នើសុំឲ្យបានច្បាស់លាស់ចៀសវាងបានទទួលសំណូមពរ និងសំណើហើយតែពុំបានឆ្លើយតបនិងពុំបានដោះស្រាយនោះ ។
ក្រុមការងារត្រូវយកចិត្តទុកដាក់ចុះជួបប្រជាពលរដ្ឋតាមរូបភាពតូចៗឱ្យបានញឹកញាប់ដើម្បីស្ដាប់បញ្ហាប្រឈមដើម្បីជួយដោះស្រាយបានទាន់ពេលវេលា ឱ្យពួកគាត់ ។

ទិសដៅអនុវត្តបន្តនៅក្នុងឆមាសទី២ ក្រុមការងារគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តន៍ ផែនការកាត់ឆ្វៀលដីស្រែចំការនិងដីលំនៅឋាន ក្នុងដីតំបន់៣ តំបន់២ ជូនប្រជាពលរដ្ឋនៅ ក្នុងឃុំសំរោងសែននិង ឃុំផ្លូវទូក ក្នុងស្រុកកំពង់លែង តាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឱ្យបានរួចរាល់ដើម្បីធ្វើប្រធានកម្មជូនប្រជាពលរដ្ឋ
ធ្វើជាកម្មសិទ្ធិ ។
ចំពោះវិធានការទប់ស្កាត់ជំងឺកូវីដ១៩ អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវជំរុញប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន មនុស្សចាស់និងទាំងកុមារ ឲ្យចាក់វ៉ាក់សាំងកូវីដ១៩ ដុសជំរុញទី៣ទី៤ និងទី៥ឱ្យបានគ្រប់ៗគ្នា ៕ សុខ គឹមសៀន