សង្គមជាតិ រីកចម្រើនប្រកបដោយចីរភាព ត្រូវការកសាងជំនាន់យុវវ័យប្រកបដោយគុណសម្បត្តិ ៣យ៉ាងគឺ ៖បញ្ញា សីលធម៌ និងកាយសម្បទា

កំពត ៖ លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត មានប្រសាសន៍បែបនេះដើម្បី ក្រើនរំលឹកណែនាំ ទៅកាន់យុវជនដែលមកពីអង្គភាពស្ថាប័នចំនួន ៤ ក្នុងខេត្តគឺ យុវជន(ស.ស.យ.ក) យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងយុវជនស្រលាញ់សន្តិភាព នៅក្នុងឱកាសប្រារព្ធពិធីខួបលើកទី២៣ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២២ ក្រោម ប្រធានបទ ” សាមគ្គីភាពអន្តរជំនាន់៖ ការបង្កើតពិភពលោកសម្រាប់មនុស្សគ្រប់វ័យ ” កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត ។

លោកស្រី យូ សុគន្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ទៀតថា នៅក្នុងនីតិកាលទី៦ នៃរដ្ឋសភាជាតិ រាជរដ្ឋាភិបាលបន្តអនុវត្ត នូវកម្មវិធីគោលនយោបាយ និង យុទ្ធសាស្ត្រចតុកោណ សំដៅពង្រីកដល់ការងារអភិបាលកិច្ចល្អ ធ្វើជាស្នូលដ៏រឹងមាំ ដើម្បីដំណើរការងារសមធម៌ និងប្រសិទ្ធភាព ការងារកាន់តែស៊ីជម្រៅថែមទៀត ។

ពិសេសក្នុងនោះការយកចិត្តទុកដាក់ចំពោះយុវជន គឺជាការកសាងសង្គមជាតិមួយ ប្រកបដោយសន្តិភាព មានធនធានមនុស្ស និងសេដ្ឋកិច្ចរីកចម្រើន ព្រោះយុវជនជាប្រភពធនធាន និងជាកម្លាំងបន្តវេនរបស់ប្រទេសជាតិ ដែលទស្សនៈទានដ៏ថ្លៃថ្លានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើការតម្រូវជូនក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ ឲ្យដំណើរការ ការងាររបស់ខ្លួនដើម្បីឈានទៅសម្រេចកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដោយខិតខំប្រឹងប្រែងបន្តរៀបចំ នូវគោលនយោបាយយុវជនឲ្យបានសមស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រទេសជាតិយើង សំដៅធ្វើ ឡើងដើម្បីបម្រើសំណូមពររបស់ជាយុវជន ។

លោកស្រីអភិបាលរងខេត្តបានបន្តថា ជាការពិតណាស់ យុវជនជាកម្លាំងបន្តវេនរបស់មាតុភូមិ ហេតុនេះក្មួយៗជាយុវជន ត្រូវតែចូលរួមកសាងជំនាន់យុវវ័យកម្ពុជាប្រកបដោយគុណសម្បត្តិ ៣យ៉ាងគឺ ៖១.(បញ្ញា )សំដៅលើការបណ្ដុះបណ្តាលសមត្ថភាពខ្ពង់ខ្ពស់ មានបំណិនជីវិត ២.( សីលធម៌) ៖ សំដៅលើការប្រព្រឹត្តល្អនិង៣.(កាយសម្បទា)៖ សំដៅលើសុខភាពមាំមួន អត្ថន័យខ្លឹមសារទាំង៣ខាងលើនេះគឺជាទស្សនៈទានសម្រាប់ក្មួយៗជាយុវជន អនុវត្តតាម ដើម្បីកសាង មហាគ្រួសារកម្ពុជា គ្មានគ្រឿងញៀន គ្មានអំពើហិង្សា គ្មានគ្រោះថ្នាក់ចរាចរណ៍ និងពោរពេញទៅដោយព្រហ្ម វិហារធម៌គឺ៖ មេត្តា ករុណា មុតិតា និងឧបេក្ខា ទើបប្រទេសជាតិ និងពិភពលោកប្រកបដោយភាពរីកចម្រើន និងការរស់នៅរបស់មនុស្សក្នុងភាពសុខសាន្តបានប្រសើរ ៕ SilaSarin

ads banner