លោក ចូ បៃដិន មានគំរោងស្នើទៅកាន់សភាអាមេរិកឱ្យអនុម័តការលក់សព្វាអាវុធមានតម្លៃ ១.១ពាន់លានដុល្លារដល់តៃវ៉ាន់
វ៉ាស៊ីនតោន៖ រដ្ឋបាល លោក ចូ បៃដិន មានផែនការស្នើទៅកាន់សភាអាមេរិកឱ្យអនុម័តការលក់គ្រឿងសព្វាវុធដល់កោះតៃវ៉ាន់ ដែលមានតម្លៃប្រមាណ ១.១ពាន់លានដុល្លារ ក្នុងនោះរួមមានមីស៊ីលប្រឆាំងនាវាមុជទឹក ៦០គ្រាប់ និងមីស៊ីលការពារដែនអាកាស ១០០គ្រាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Politico ផ្អែកលើប្រភពមួយចំនួន ចំពេលមានភាពតានតឹងខ្លាំងជាមួយចិន។
កាសែតរ៉យទ័របានរាយការណ៍កាលពីសប្តាហ៍មុនថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន និងសមាជិកសភាអាមេរិកបានសង្កត់ធ្ងន់លើការគាំទ្រជាបន្តបន្ទាប់របស់ពួកគេចំពោះរដ្ឋាភិបាលតៃវ៉ាន់ ហើយមានផែនការដែលនឹងត្រូវអនុម័តសម្រាប់ទីក្រុងតៃប៉ិ ដែលអាចត្រូវបានប្រកាសនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ឬប៉ុន្មានខែខាងមុខទៀតនេះ។ យ៉ាងណាមិញ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍ខាងលើនេះរបស់សារព័ត៌មាន Politico នោះទេ។
គួរបញ្ជាក់ថា ប្រទេសចិនបានអនុវត្តល្បែងសង្គ្រាមដ៏ធំបំផុតរបស់ខ្លួន នៅជុំវិញកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ (កោះតៃវ៉ាន់) បន្ទាប់ពីដំណើរទស្សនកិច្ចមួយខែនេះដោយប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី។ ទន្ទឹមគ្នា ទីក្រុងប៉េកាំងក៏មិនបានច្រានចោលការប្រើកម្លាំងដើម្បីក្រសោបយកកោះតៃវ៉ាន់មកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា



