ចំនួនអ្នកស្លាប់កើនដល់២១នាក់ និងរបួស៣២០នាក់ ក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រវាយប្រហារប្រទេសប៉ាគីស្ថាន
អត្ថបទដោយ៖
Kien Sereyvuth
ប៉ាគីស្ថាន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត បានកើនឡើងដល់២១នាក់ហើយ និង៣២០នាក់ផ្សេងទៀតទទួលរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចទ័រ វាយប្រហារលើតំបន់ភាគខាងជើងនៃប្រទេសប៉ាគីស្ថាន នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ ។

បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេ៉រិក USGS គ្រោះរញ្ជួយដីខាងលើ មានចំណុចរញ្ជួយស្ថិតនៅចំងាយ២៣គីឡូម៉ែត្រ ពីតំបន់ ហ៊ីឡុំ ភាគខាងជើងប្រទេសប៉ាគីស្ថាន ព្រមទាំងមានជម្រៅរញ្ជួយទៅក្នុងដី១០គីឡូម៉ែត្រផងដែរ ។

ដោយឡែកបើតាមអាជ្ញាធរប៉ាគីស្ថាននោះ តំបន់មួយដែលស្ថិតនៅចន្លោះតំបន់ ហ៊ីឡុំ និង មីភូ រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរជាងគេ ។ ហ៊ីឡុំ គឺជាតំបន់មួយមានទីតាំងស្ថិតនៅចំងាយ១២០ គីឡូម៉ែត្រពីភាគអាគ្នេយ៍រដ្ឋធានីអ៊ីស្លាម៉ាបាត ៕ធ.ដ


