ប្រធានាធិបតីអ៊ីរ៉ង់និយាយថា ការចោទប្រកាន់អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារទីតំាងប្រេងអារ៉ាប៊ីសាអូឌីត គឺជាល្បែងទម្លាក់កំហុសដោយគ្មានមូលដ្ឋាន
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាស្សាន រួហានី បាននិយាយថា ការលើកឡើងរបស់អាល្លឺម៉ង់ អង់គ្លេស និងបារាំង ដែលថា អ៊ីរ៉ង់ជាអ្នកស្ថិតនៅពីការវាយប្រហាររោងចក្រប្រេងនៅអារ៉ាប៊ីសាអូឌីតនោះ គឺជាល្បែងទម្លាក់កំហុសដោយគ្មានមូលដ្ឋាន ។

ការអះអាងបែបនេះរបស់លោក រូហានី ធ្វើឡើងដើម្បីការផ្ញើសារឆ្លើយតបមួយ បន្ទាប់ពីមេដឹកនំាបារាំង អាល្លឺម៉ង់ និងអង់គ្លេស បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយថ្កោលទោសចំពោះការវាយប្រហារលើមូលដ្ឋានប្រេងលើទឹកដីអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៤ ខែកញ្ញា នៅតំបន់ អាប់កេក និងឃួរ៉េស ហើយថែមទំាងសន្និដ្ឋានថា អ៊ីរ៉ង់គឺជាអ្នកប្រព្រឹត្តសកម្មភាពវាយប្រហារនេះ ។

ប៉ុន្តែជាមួយគ្នានោះ អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់ដូចខាងលើនេះ តាំងតែពីក្រោយសហរដ្ឋអាមេ៉រិកបានធ្វើការចោទប្រកាន់ខ្លួនដំបូងមកម្ល៉េះ នៅប៉ុន្មានម៉ោងក្រោយក្រុមឧទ្ទាមហួធី (Houthi) នៅយ៉េមែន ចេញមុខអះអាងថា ពួកគេគឺជាអ្នកវាយប្រហាររោងចក្រចំនួនពីរកន្លែង នៃក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតអារ៉ាមកូ ៕ធ.ដ
