ប៉ាគីស្ថានខាតបង់សេដ្ឋកិច្ចប្រហែល ១០ពាន់លានដុល្លារដោយសារគ្រោះមហន្តរាយទឹកជំនន់

អ៊ីស្លាម៉ាបាដ៖ រដ្ឋមន្ត្រីផែនការប៉ាគីស្ថានលោក អាសាន អ៊ីកបាល់ (Ahsan Iqbal) ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានបញ្ជាក់ថា ការស្ទាបស្ទង់បឋមបង្ហាញថា គិតមកទល់ពេលនេះ ការខូចខាតបង្កឡើងពីគ្រោះទឹកជំនន់មានទំហំជាង ១០ពាន់លានដុល្លារ ហើយថា ពិភពលោកមានកាតព្វកិច្ចជួយប្រជាជាតិអាស៊ីខាងត្បូងមួយនេះ ក្នុងការដោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយកាសែតរ៉យទ័រ លោក អ៊ីកបាល់ បាននិយាយដូច្នេះថា ខ្ញុំគិតថា វាធំធេងណាស់… ការវាយតម្លៃជំហានដំបូងបង្ហាញថា វា (ទឹកជំនន់) បានបង្កការខូចខាតធំធេងណាស់ គឺមានទំហំជាង ១០ពាន់លានដុល្លារ។ លោកថា មនុស្សជាង ១.០០០នាក់បានស្លាប់។ មានការខូចខាតផ្ទះជិតមួយលានខ្នង ប្រជាជនស្ទើរបាត់បង់មធ្យោបាយរស់នៅទាំងស្រុង។

លោក អ៊ីកបាល់ ក៏បានអះអាងដែរថា វាត្រូវការពេល ៥ឆ្នាំដើម្បីកសាង និងស្តារប្រជាជាតិដែលមានប្រជាជនជាង ២០០លាននាក់នេះឡើងវិញ។ ជាងនេះទៅទៀត នាពេលអនាគតដ៏ខ្លី ប្រទេសប៉ាគីស្ថាននឹងប្រឈមមុខនូវការខ្វះខាតស្បៀងយ៉ាងគំហុក។ ហើយដើម្បីកាត់បន្ថយការខ្វះខាតនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុប៉ាគីស្ថានលោក មីសហ្វតា អ៊ីស្មែល បាននិយាយថា ប្រទេសរបស់លោកអាចនឹងពិចារណានាំចូលបន្លែមកពីឥណ្ឌា បើទោះជាគូប្រជែងនឹងគ្នាក៏ដោយ ។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដ៏អាក្រក់មិនដែលធ្លាប់មានបានបង្កការលិចលង់ផលដំណាំ បំផ្លាញស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ពន្ធផ្សេងៗ ហើយសម្លាប់មនុស្សជាង ១.០០០នាក់នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ព្រមទាំងប៉ះពាល់ដល់ការរស់នៅរបស់មនុស្សជាង ៣៣លាននាក់ ដែលស្មើនឹង ១៥ភាគរយនៃប្រជាជន ២២០លាននាក់របស់ប៉ាគីស្ថាន ៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner