កិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែរឹងមាំជាងមុន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី, កិច្ចព្រមព្រៀងសហប្រតិបត្តិការសៀងហៃ, BRICS, APEC និងអាស៊ានជាដើម។

លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា យើងមានសេចក្តីសោមនស្សរីករាយក្នុងការកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីដោយផ្ទាល់ជាមួយប្រជាជាតិអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ពួកគេ ក្នុងក្របខ័ណ្ឌនៃសមាគមដ៏មានឥទ្ធិពល ដូចជាសហគមន៍សេដ្ឋកិច្ចអឺរ៉ាស៊ី, SCO, BRICS, APEC និងអាស៊ានកំពុងរីកចម្រើនខ្លាំង។

ប្រមុខរដ្ឋបាននិយាយនៅក្នុងសារលិខិតស្វាគមន៍ចំពោះអ្នកចូលរួម អ្នករៀបចំ និងភ្ញៀវនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៧ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តរួមគ្នាជាមួយនឹងដៃគូដែលចាប់អារម្មណ៍ទាំងអស់ ក្នុងការខិតខំប្រឹងប្រែងកែលម្អកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងទម្រង់ផ្សេងៗ។

លោក ពូទីន បន្ថែមថា រុស្ស៊ី អ្នកនយោបាយបរទេស អ្នកធុរកិច្ច និងអ្នកជំនាញ រួមទាំងឥស្សរជនទូទៅ នឹងពិភាក្សាអំពីបញ្ហាជាច្រើនដែលទាក់ទងនឹងការរំពឹងទុក សម្រាប់ការពង្រឹងពាណិជ្ជកម្ម, ការវិនិយោគ, កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងមនុស្សធម៌ជាដើម។

វាមានសារៈសំខាន់ណាស់ដែលកិច្ចសន្យាពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងរយៈពេលវែងត្រូវបានគេរំពឹងថា នឹងត្រូវចុះហត្ថលេខាក្នុងកំឡុងវេទិកានេះ ដោយមានការចូលរួមពីមជ្ឈដ្ឋានធុរកិច្ច និងអាជ្ញាធរក្នុងតំបន់។ វេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៧ នឹងប្រព្រឹត្តទៅនៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក ចាប់ពីថ្ងៃទី៥ ដល់ទី៨ ខែកញ្ញាខាងមុខនេះ៕ ប្រភព៖ Tass ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner