ឃាត់ខ្លួនគ្រូមន្តអាគមន៍ម្នាក់ពាក់ព័ន្ធករណីប្រទូស្តកេរ្តិ៍នារីលក់តាមអនឡាញបីនាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីទោ ជាង ហុកសែ អធិការរងខណ្ឌដង្កោ បានឲ្យដឹងនារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ជនសង្ស័យម្នាក់ដែលតាំងខ្លួនជាគ្រូមន្តអាគមន៍ និងលក់ថ្នាំខ្មែរ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនគរបាលខណ្ឌដង្កោបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនពាក់ព័ន្ធនិងករណីប្រទូស្តកេរ្តិ៍ទៅលើនារីលក់តាមអនឡាញចំនួនបីនាក់។

នារីរងគ្រោះទី១.អាយុ១៨ឆ្នាំ , ទី២. អាយុ២១ឆ្នាំ និងទី៣.អាយុ៣៤ឆ្នាំ។ ជនរងគ្រោះទាំងអស់រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ ឃួន សារ៉េត អាយុ៤៦ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិហប់ ឃុំគោកខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា វេលាម៉ោង ០៨:៣០ព្រឹកជនសង្ស័យឈ្មោះ ឃួន សារ៉េត បានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខតាកែវ 1K-5383 ដើរលក់ថ្នាំខ្មែរតាមផ្ទះពលរដ្ឋ ខណៈមកដល់ផ្ទះរបស់ជនរងគ្រោះទាំងបីនាក់ បាន និយាយអះអាងថា រូបគេ (ជនសង្ស័យ) ជាអ្នកចេះកាត់ប្រជ្រុយចង្រៃ ធ្វើឱ្យមានលាភសំណាងមកវិញ ។ បន្ទាប់មកជនសង្ស័យក៏បានហៅជនរងគ្រោះម្នាក់ចូលទៅក្នុងបន្ទប់ រួចចាក់គន្លឹះទ្វារជាប់ពីខាងក្នុង ហើយធ្វើសកម្មភាពដោះខោអាវជនរងគ្រោះទោះជាជនរងគ្រោះប្រកែក រួចធ្វើសកម្មភាពប្រទូស្តកេរ្តិ៍ធ្វើជារវែករកប្រជ្រុយនិងបានអុជធូបធ្វើពិធីដុតប្រជ្រុយរួចក៏ឱ្យជនរងគ្រោះស្លៀកពាក់ចេញមកខាងក្រៅវិញ ។

លុះដល់វេលាម៉ោង១៧ថ្ងៃខែឆ្នាំដដែល ជនសង្ស័យ បានហៅជនរងគ្រោះម្នាក់ទៀត ឱ្យចូលក្នុងបន្ទប់ម្តង រួចជនសង្ស័យបានធ្វើសកម្មភាពលើជនរងគ្រោះដូចជនរងគ្រោះទី១ដែរ ហើយបានឱ្យស្លៀកពាក់ចេញមកខាងក្រៅវិញ ។រហូតដល់វេលាម៉ោង១៩ ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានហៅជនរងគ្រោះទី៣ ឱ្យចូលក្នុងបន្ទប់ទៀត ហើយបានធ្វើសកម្មភាពដូចជនរងគ្រោះទាំង០២នាក់ខាងលើដែរ ។ប៉ុន្តែពេលធ្វើសកម្មភាពទៅលើជនរងគ្រោះទី៣រួចជនសង្ស័យបានដោះគ្រឿងអលង្ការ របស់ជនសង្ស័យឱ្យមកជនរងគ្រោះទុកមានដូចជា ១.ចិញ្ចៀនលោហធាតុពណ៌លឿង ដាំត្បូងពណ៌សចំនួន០១វង់ , ២.ខ្សែដៃលោហធាតុពណ៌លឿងចំនួនមួយខ្សែ ហើយក៏ជិះម៉ូតូម៉ាកខាងលើគេចខ្លួនចេញបាត់ ។នៅថ្ងៃទី២៨ ខែសីហា វេលាម៉ោង១៥ ជនរងគ្រោះទាំងបីនាក់ ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរតាមផ្លូវច្បាប់ ។ រហូតដល់ថ្ងៃទី៣០ ខែសីហា វេលាម៉ោង៧ព្រឹកសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមនិងវត្ថុតាង នៅត្រង់ចំណុចផ្ទះលេខ២២ ផ្លូវបេតុង បុរីកសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធី។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដូចការចោទប្រកាន់មែន។

អធិការដ្ឋាននគរបាលខណ្ឌដង្កោកំពុងចាត់ការតាមផ្លូវច្បាប់៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner