អាជ្ញាធរខត្តសៀមរាប មិនអនុញ្ញាតឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បន្តការជួបជុំ និងដាក់ឱសានវាទត្រឹមម៉ោង ២៤យប់នេះ
សៀមរាប៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ របស់លោក ខឹម វាសនា បានប្រកាសថា ខ្លួនបានជូនដំណឹងដល់អាជ្ញាធរពីគម្រោងជួបជុំសមាជិកបក្សរបស់ខ្លួន នឹងត្រូវបន្តរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតក្នុងបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ចំពោះការជួបជុំនេះ គណបក្សបានសហការ យ៉ាងជាប់លាប់ជាមួយអាជ្ញាធរមូលដ្ឋាន ហើយបានដាក់លិខិតជូនដំណឹងទៅរដ្ឋបាលឃុំត្បែង ដើម្បីជ្រាបជាដំណឹង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ និងបានអនុញ្ញាតឱ្យសមត្ថកិច្ចអាចចេញចូល ដើម្បីត្រួតពិនិត្យក្នុងបរិវេណទីតាំងជួបជុំរាល់ពេលវេលា។

សម្រាប់ការជួបជុំនេះ គណបក្សបានរៀបចំរក្សាសណ្តាប់ធ្នាប់យ៉ាងមានរបៀបរៀបរយ ហើយរក្សាអនាម័យបានល្អ និងបានអនុវត្តតាមវិធានការចុងក្រោយ របស់ក្រសួងសុខាភិបាលអំពីការការពារពីការឆ្លង ជំងឺកូវីដ១៩។ ចំពោះសំណង់នានាក្នុងបរិវេណចម្ការដែលជាកម្មសិទ្ធិស្របច្បាប់ គ្រាន់តែជាសំណង់ស្រាល សម្រាប់សម្រាកក្នុងរយៈពេលខ្លី ពុំមែនជាសំណង់រឹងមាំឡើយ ហើយរយៈពេលនៃការជួបជុំរបស់គណបក្សក្នុងបរិវេណនេះ បានបញ្ជាក់ច្បាស់លាស់ក្នុងលិខិតជូនដំណឹង ទៅរដ្ឋបាលឃុំតែ្បងរួចរាល់ហើយ គឺនឹងបញ្ចប់នៅដំណាច់ខែកញ្ញា ឆ្នាំ២០២២ ។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺជាគណបក្សនយោបាយស្របច្បាប់ មានប្រកាសទទួល ស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ ដូច្នេះការជួបជុំសមាជិករបស់គណបក្សដែលបានធ្វើមកនេះ ពុំមានអ្វីដែលផ្ទុយនឹង ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាឡើយ ។

ជាការឆ្លើយតបឯកឧត្តម ទៀ សីហា អភិបាលខេត្តបានបញ្ជាក់តាមប្រព័ន្ធតេលេក្រាមយ៉ាងខ្លីនារសៀលថ្ងៃទី៣០ ខែសីហានេះថា “យើងបន្តអនុវត្តច្បាប់”។ ប៉ុន្តែបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ដែលបានផ្សាយនៅរសៀលនេះ បានបញ្ជាក់យ៉ាងច្បាស់ថា “ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការប្រមូលផ្តុំមនុស្ស របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ យើងនឹងអនុវត្តតាមនីតិវិធី ដូចមានខ្លឹមសារក្នុងលិខិតរបស់រដ្ឋបាលខេត្ត ដោយទុកឱសានវាទត្រឹមយប់នេះ (ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២) ម៉ោង២៤:០០នាទីយប់។ សូមបងប្អូនប្រជាពលរដ្ឋ កុំភាន់ច្រឡំថានឹងមានការពន្យាពេលនៃការរំសាយ ឬបំបែកការប្រមូលផ្តុំ។ រដ្ឋបាលខេត្ត នឹងមិនទុកឲ្យសកម្មភាពអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម សុវត្ថិភាពសាធារណៈ និងការឃោសនាប្រជាភិថុតិបែបអបីយជំនឿនោះទេ ជាពិសេសសុខមាលភាព ព្រមទាំងបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។

សូមជម្រាបថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្រារព្ធកម្មវិធីជួបជុំសមាជិកគណបក្ស ស្ថិតក្នុងបរិវេណចម្ការ នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយការជួបជុំនេះ មានប្រជាពលរដ្ឋចូលរួមក្នុងចន្លោះពី ១ម៉ឺន ៥ពាន់ ទៅ ១ម៉ឺន ៧ពាន់ ៕ ដោយ ស៊ាន សុផាត
