អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមរំលែកមរណទុក្ខ ក្រុមគ្រួសារសព លង់ទឹកស្លាប់ ដោយសារខ្យល់បោកពន្លិចទូក នៅឃុំរោង ស្រុកព្រៃឈរ

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមខេត្ត បានអញ្ជើញសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួមរំលែកទុក្ខគ្រួសារសព ចំនួន ២ គ្រួសារ ដែលបានស្លាប់ដោយលង់ទឹក ខណៈខ្យល់បក់បោកបណ្តាលឲ្យលិចទូក ពេលចុះនេសាទ នៅចំណុចវាលព្រះ កាលពីម៉ោង ១០យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ។

គូសបញ្ជាក់ថា សពបុរសទាំង ២នាក់ នេះ , ម្នាក់ អាយុ ៥១ ឆ្នាំ ត្រូវជាឪពុកមា មានប្រពន្ធ កូន ៤នាក់ និង ម្នាក់ទៀត អាយុ ៣១ឆ្នាំ ត្រូវជាក្មួយ មានប្រពន្ធ កូនស្រី ១នាក់ មានទីលំនៅ ភូមិកណ្តោលកោង ឃុំសំរោង ស្រុកព្រៃឈរ ជាមួយគ្នា។

ស្ថិតក្នុងឱកាសដ៏សោកសង្រេងនោះ ឯកឧត្តម ប្រធានគណ:កម្មាធិការសាខា បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ប្តី ឪពុក ឪពុកក្មេក កូន កូនប្រសារ ជាទីគោរព ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងឧប្បត្តិហេតុ ខ្យល់បោកពន្លិចទូក ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេង ៗហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកមរណទុក្ខ ជួយដោះស្រាយទាន់ពេលវេលា ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទ ក្រហមកម្ពុជា”។

ចំពោះសម្ភារដែលបានផ្តល់ជូនគ្រួសារសពខាងលើ គឺក្នុង១ គ្រួសារៗ ទទួលបាន អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២ កេស ទឹកក្រូច ២ កេស ត្រីខ ២០កំប៉ុង , មី ២កេស និង បច្ច័យចូលបុណ្យចំនួន ៥ ០០,០០០ រៀល ។ ដោយឡែក ពលរដ្ឋម្នាក់ទៀត ត្រូវជាសាច់ញាតិសព ដែលនៅរស់ពីការលង់ទឹក ក៏ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា ឧបត្ថម្ភថបិកាចំនួន ២០០,០០០រៀល រួមនឹងបានឧបត្ថម្ភដល់កងកម្លាំងសង្រ្គោះក្នុងហេតុការណ៍ខាងលើផងដែរ ។

ជាមួយនោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចូលបុណ្យ ក្នុង ១គ្រួសារ ថវិកា ៥០០,០០០រៀល។ អនុសាខាស្រុក ចូលបុណ្យបន្ថែម ក្នង ១គ្រួសារ ២០០, ០០០ រៀល៕ ដោយ ៖ លី ពៅ

ads banner