រុស្ស៊ីកំពុងជួបបញ្ហាលំបាកក្នុងការប្រើប្រាស់យន្តហោះដ្រូនរបស់អ៊ីរ៉ង់
វ៉ាស៊ីនតោន៖ មន្រ្តីរដ្ឋបាលលោក ចូ បៃដិន និយាយថា រុស្ស៊ីបានប្រឈមនឹងបញ្ហាបច្ចេកទេសជាមួយនឹងយន្តហោះដ្រូនផលិតដោយអ៊ីរ៉ង់ ដែលទិញពីទីក្រុងតេហេរ៉ង់ក្នុងខែនេះ ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ។
មន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកវាយតម្លៃថា ការបញ្ជូនយន្តហោះដ្រូន Mohajer-6 និង Shahed-series ក្នុងរយៈពេលជាច្រើនថ្ងៃក្នុងខែនេះ ទំនងជាផ្នែកមួយនៃផែនការរបស់រុស្ស៊ី ដើម្បីទទួលបានយន្តហោះដ្រូនអ៊ីរ៉ង់ UAVs រាប់រយគ្រឿង។
សារព័ត៌មាន AP បានរាយការណ៍កាលពីសប្តាហ៍មុនថា ថ្មីៗនេះរុស្ស៊ីបានទទួលយន្តហោះដ្រូនរបស់អ៊ីរ៉ង់រាប់រយគ្រឿង ដែលមានសមត្ថភាពប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន បើទោះបីជាមានការព្រមានរបស់សហរដ្ឋអាមេរិកដល់ទីក្រុងតេហេរ៉ង់មិនឱ្យដឹកជញ្ជូនពួកវាក៏ដោយ។ ដោយឡែកកាសែតវ៉ាស៊ីនតោន ប៉ុស្តិ៍ បានរាយការណ៍ជាលើកដំបូងថា រុស្ស៊ីបានប្រឈមនឹងបញ្ហាបច្ចេកទេសជាមួយនឹងការប្រើប្រាស់យន្តហោះដ្រូនរបស់អ៊ីរ៉ង់។
ជាមួយគ្នានេះ ក្រុមមន្ត្រីអាមេរិកបាននិយាយថា ប្រតិបត្តិកររុស្ស៊ីកំពុងបន្តទទួលការបណ្តុះបណ្តាលនៅក្នុងប្រទេសអ៊ីរ៉ង់ អំពីរបៀបប្រើប្រាស់ប្រព័ន្ធទាំងនេះ ដែលអាចធ្វើការវាយប្រហារតាមអាកាស, ការធ្វើសង្គ្រាមអេឡិចត្រូនិក និងការកំណត់គោលដៅនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា


