សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា នៅមានតម្រូវការស្ពាន ៣ទៀត ដើម្បីរំដោះការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជា នូវមានតម្រូវការស្ពានចំនួន ៣ទៀត ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរ ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា៖ ស្ពានទាំង៣ នេះរួមមាន-ស្ពានទី១ កម្ពុជាកំពុងស្នើ និងចរចារជាមួយភាគីកូរ៉េ ដើម្បីកសាងស្ពានតភ្ជាប់ពីភ្នំពេញទៅស្វាយជ្រុំ ដោយភ្ជាប់ពីផ្សាររាត្រី ទៅជ្រោយចង្វារ រួចបន្តទៅស្វាយជ្រុំ ក្នុងន័យដើម្បីជួយរំដោះចរាចរណ៍នៅជ្រោយចង្វារផងដែរ។
ស្ពានទី២ កំពុងចារចារជាមួយផាគីចិន ដើម្បីកសាងស្ពានមួយទៀត នៅតំបន់ព្រែកប្រា ដែលស្ពានគឺធ្វើធំតែម្ដង ដោយ ២គន្លងទៅ ២គន្លងមក។ ការដ្ឋាននេះ អាចនឹងបើកនៅឆ្នាំក្រោយ បើសិនជាចិនយល់ព្រមជាមួយកម្ពុជា។ ស្ពានទី៣ គឺស្ពានព្រែកតាកុយ ដើម្បីបង្វាងចរាចរណ៍នេះផ្នែកខាងទន្លេមេគង់ ៕ ដោយ វណ្ណលុក



