ឯកឧត្តម ប៉ាន សូរស័ក្តិ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-សហរដ្ឋអាម៉េរិក

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយ លោកជំទាវ Carol Miller សមាជិកសភាសហរដ្ឋអាម៉េរិកប្រចាំរដ្ឋ West Virginia ក្នុងគោលបំណង ឈ្វេងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងសំដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរសក្ត័ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ព្រមទាំងសហការី ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្នុងការផ្តល់នូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កម្ពុជាប្រមាណជាង ៣លានដូស ដល់ប្រជាជនកម្ពុជា ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ដល់ការបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមកម្ពុជាឡើងវិញ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីវឌ្ឍនភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ជាពិសេសការត្រៀមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅសៀមរាប នាពេលខាងមុខនេះ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក ដែលមានការកើនឡើងយ៉ាងល្អប្រសើរ ទោះបីស្ថិតក្នុងវិបត្តិកូវីត-១៩ ក៏ដោយ។

ឯកឧត្តម ប៉ាន សូរសក្ត័ ក៏បានបញ្ជាក់ជូនជាសង្ខេបពីគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខ័ណ្ឌច្បាប់នានាដែលគាំទ្រដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ ដើម្បីឈានដល់ការសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិក ដែលបានទាក់ទាញរោងចក្រផលិតសម្ភារៈធ្វើដំណើរជាច្រើនមកកម្ពុជា និងបានបង្កើតការងារជាច្រើនដល់ប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យសមាជិកសភាសហរដ្ឋអាម៉េរិកជួយគាំទ្រ និងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកដល់កម្ពុជាបន្តទៀត ព្រមទាំងបានបញ្ជាក់ពីតម្រូវការចាំបាច់របស់កម្ពុជានាពេលបច្ចុប្បន្ន ក្នុងការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា ស្របតាមបរិបទថ្មីនៃសង្គមឌីជីថល រួមមាន៖ បច្ចេកវិទ្យាថ្មីៗ អ្នកបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្ស ជាដើម។

ជាការឆ្លើយតប លោកជំទាវ និង ឯកឧត្តមសមាជិកសភាសហរដ្ឋអាមេរិក បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ដែលបានទទួលគណៈប្រតិភូយ៉ាងកក់ក្តៅ និងបានសម្តែងចំណាប់អារម្មណ៍ចំពោះបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗមួយចំនួន និងស្វែងយល់ពីសក្តានុពលរបស់កម្ពុជា និងកិច្ចការនានា ដែលសហរដ្ឋអាម៉េរិកអាចជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវគណៈប្រតិភូ បានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ច និងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner