ស្រីលង្កានឹងបង្កើតអង្គភាពជួយរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ
កូឡុំបូ៖ ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe បាននិយាយក្នុងថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលស្រីលង្កាបានសម្រេចចិត្តបង្កើតអង្គភាពរៀបចំរចនាសម្ព័ន្ធសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋ ដើម្បីជួយក្នុងការរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ។
លោក Wickremesinghe បានថ្លែងយ៉ាងដូច្នេះនៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ ខណៈពេលដែលបង្ហាញថវិកាបណ្តោះអាសន្នឆ្នាំ ២០២២ នៅក្នុងសភា។ លោកWickremesinghe បាននិយាយថា ថវិការប្រហែល ៥៥៦,០០០ដុល្លារត្រូវបានបម្រុងទុកសម្រាប់អនុវត្តសំណើបង្កើតអង្គភាព។
លោកថា សហគ្រាសរដ្ឋមួយចំនួនបានជួបការខាតបង់ជាយូរមកហើយ ដោយសារបញ្ហារចនាសម្ព័ន្ធ ដោយលោកបន្ថែមថា រតនាគារមិនអាចបន្តផ្តល់មូលនិធិដល់អង្គភាពទាំងនេះបានទេ ហើយយន្តការដើម្បីធ្វើឱ្យមានប្រសិទ្ធភាពត្រូវរកឃើញ។
លោកបន្ថែមថា ហានិភ័យសារពើពន្ធសំខាន់ៗកើតឡើងពីសហគ្រាសរដ្ឋមួយចំនួន ជាពិសេសក្រុមហ៊ុនអាកាសចរណ៍ SriLankan, ក្រុមប្រឹក្សាភិបាលអគ្គិសនី Ceylon និងសាជីវកម្ម Ceylon Petroleum។
ប្រធានាធិបតីស្រីលង្ការូបនេះបានបញ្ជាក់ទៀតថា ពន្ធលើតម្លៃបន្ថែមនឹងត្រូវបង្កើនពី ១២ភាគរយទៅ ១៥ភាគរយដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកញ្ញាខាងមុខនេះ ហើយអាយុចូលនិវត្តន៍របស់រដ្ឋាភិបាល និងបុគ្គលិកពាក់កណ្តាលរដ្ឋាភិបាលនឹងត្រូវកាត់បន្ថយមកត្រឹម ៦០ឆ្នាំ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


