ឯកឧត្តម អ៊ាង សុផល្លែត ចូលរួមថ្លែងបទអន្តរាគមន៍ ក្នុង«កិច្ចប្រជុំរួមគ្នាថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ» ក្របខណ្ឌក្រុមប្រទេស G20 នៅប្រទេសឥណ្ឌូនេស៊ី
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្រតិភូកម្ពុជា បានឡើងថ្លែងបទអន្តរាគមន៍ ក្នុង«កិច្ចប្រជុំរួមគ្នាថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ» ក្របខណ្ឌក្រុមប្រទេសG20 ក្រោមមូលបទ «ស្តារឡើងវិញរួមគ្នា ស្តារឡើងវិញកាន់តែរឹងមាំជាងមុន» នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅបាលីសាធារណរដ្ឋឥណ្ឌូនេស៊ី។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា ក្នុងនាមជាប្រទេស ដែលងាយរងគ្រោះ ដោយគ្រោះថ្នាក់ពីបរិស្ថានសកល កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងការរួមចំណែកដល់សកម្មភាពឆ្លើយតបនឹងបញ្ហាបរិស្ថាននេះ។ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក កម្ពុជាត្រូវបានស្តារឡើងវិញនូវសន្តិភាព និងស្ថិរភាព ហើយកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស។
ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា កម្ពុជាបានឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍន៍ ជាមួយនឹងបំណងឈានទៅបរិបទប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងទសវត្សរ៍ខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បង្ហាញផងដែរថា ផែនការ ការអភិវឌ្ឍន៍ដោយចីរភាព ភាពធន់ និងសេដ្ឋកិច្ចបៃតង បានក្លាយជាទិសដៅស្នូលក្នុងការដោះស្រាយបញ្ហាបរិស្ថាន និងយុទ្ធសាស្ត្រស្តារឡើងវិញ។ ផែនការទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចពីជំងឺរាតត្បាតកូវីដ-១៩របស់កម្ពុជា។
ឯកឧត្តមប្រធានប្រតិភូកម្ពុជា បានសង្កត់ធ្ងន់បន្ថែមថា យើងបានចាប់ផ្តើមបើកសេដ្ឋកិច្ចឡើងវិញ យើងត្រូវធានាថាយើងអនុវត្តតាមរបៀបដែលបង្កើតការងារសម្រាប់ក្រុមមនុស្សដែលងាយរងគ្រោះ និងតម្រូវឱ្យពួកគាត់ងើបឡើងវិញពីស្ថានភាពដ៏លំបាកនេះ។ ការសិក្សាថ្មីៗក្នុងវិស័យឧស្សាហកម្ម និងថាមពលក្នុងប្រទេសកម្ពុជាបានបង្ហាញថា បច្ចេកវិទ្យាបៃតងមាននិន្នាការបង្កើតឱ្យមានការរីកចម្រើន និងបង្កើតការងារច្រើនជាងបច្ចេកវិទ្យាបុរាណ ដូច្នេះការវិនិយោគលើបច្ចេកវិទ្យាបៃតងគឺជាវិធីដ៏ល្អមួយដើម្បីអនុវត្តកិច្ចការនេះ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំអន្តរជាតិថ្នាក់រដ្ឋមន្ត្រីបរិស្ថាន និងអាកាសធាតុ ត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីបរិស្ថាន និងព្រៃឈើ ឥណ្ឌូនេស៊ី ក្នុងនាមជាប្រទេសប្រធានប្តូរវេនក្រុមប្រទេសG20 សម្រាប់ឆ្នាំ២០២២ ដែលមានប្រតិភូចូលរួម រួមមានរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រី នៃបណ្តាក្រុមប្រទេស G20 បណ្តាប្រទេសជាភ្ញៀវកិត្តិយស ដែលក្នុងនោះមានកម្ពុជាផងដែរ ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន និងដៃគូអភិវឌ្ឍន៍ក្រោមឆត្រអង្គការសហប្រជាជាតិមួយចំនួន៕ ដោយ / គ្រី សម្បត្តិ


