សម្តេចតេជោ ហ៊ុន សែន អរគុណដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ថ្លែងនូវការអរគុណចំពោះការចូលរួមសហការរបស់ប្រជាពលរដ្ឋ ដែលតាំងទីលំនៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅក្នុងតំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក។ សម្ដេចបញ្ជាក់ថា ប្រសិនបើមិនចាកចេញ ហើយបន្តរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ អង្គវត្ត នឹងត្រូវគេដកចេញពីបេតិកភ័ណ្ឌពិភពលោក ។

នៅក្នុងឱកាសនេះទន្ទឹមនឹងការអរគុណចំពោះការចូលរួមសហការរបស់ប្រជាពលរដ្ឋសម្តេចតេជោបានបញ្ជាក់ថា ប្រសិនបើមិនចាកចេញ ហើយបន្តរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ អង្គវត្ត នឹងត្រូវគេដកចេញពីបេតិកភ័ណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោកហើយ ព្រោះយើងមិនអនុវត្តតាមកាតព្វកិច្ចតម្រូវ ដោយគណ:កម្មាធិការបេតិកភណ្ឌពិភពលោកហើយ បែរជាមានសំណង់នៅទីនោះ ។

សម្ដេចបានលើកឡើងពីការបញ្ជូនឧបនាយករដ្ឋមន្ត្រី មួយរូប ឱ្យទៅឈរជើងដោះស្រាយនៅទីនោះ ហើយសម្ដេច ក៏បានបញ្ជាឱ្យធ្វើផ្លូវសម្រាប់ការតាំងទីលំនៅថ្មី ប្រមាណ ១៤៤គីឡូម៉ែត្រ និងមានសាលារៀន មន្ទីរពេទ្យ គឺធ្វើនៅកន្លែងនឹង ។

សូមជម្រាបថា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២២ ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទទួលបានលទ្ធផលដូចជា៖ ១.វាស់វែងក្បាលដីនៅភូមិចំនួន ៧៩ ភូមិ នៃភូមិគោលដៅចំនួន ១១៤, ២.រៀបចំដីឡូត៍ សម្រេចបានទំហំ ១១១,១០ ហិកតា, ៣. ផ្លូវគ្រួសក្រហម សម្រេចបានប្រវែង ៣ ២៣០ ម៉ែត្រ ស្មើ ១៩,១៣% និង៤. បោះបង្គោលព្រំដីឡូត៍នៅភូមិធម្មជាតិរុនតាឯកបានចំនួន ៨១៩ ឡូតិ៏ ។

ចំពោះវឌ្ឍនភាពនៃការស្ថាបនាផ្លូវនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក អនុវត្តដោយកងវិស្វកម្ម តេជោ ហ៊ុន សែន សៀមរាប សម្រាប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មានដូចជា៖ ការងារចាក់ដីគ្រួសក្រហមសម្រាប់ធ្វើផ្លូវចែកជា២តំបន់៖ តំបន់ទី១ មានប្រវែងសរុប ៥៣៥២ម៉ែត្រ សម្រេចបាន ១៣២០ម៉ែត្រ គិតភាគរយបាន ២៤.៦៦%, តំបន់ទី២ មានប្រវែងសរុប ១១៥៣៥ម៉ែត្រ សម្រេចបាន ១៩១០ម៉ែត្រ គិតជាភាគរយ ១៦.៥៥% ។

ការសាងសង់ផ្លូវសរុបសម្រេចបាន ៣៨០ម៉ែត្រ សរុបពីពេលចាប់ផ្តើមបាន ១៤ខ្សែ ប្រវែង ៣២៣០ម៉ែត្រ, ការងារសម្អាតព្រៃ អនុវត្តដោយកងកំលាំងក្រសួងបរិស្ថាន បាន៦០ហិកតា និងអាជ្ញាធរអប្សរា សម្រេចបានសរុប ៥១.១ហិចតា សរុបបាន ១១១.១ហិកតា ៕ ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner